(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ បានថ្លែងនូវការកោតសរសើរ ដល់កម្លាំងនគរបាលពាក់ព័ន្ធ ពិសេសកម្លាំងន គរបាលព្រហ្មទណ្ឌ ដែលខិតខំបង្ក្រាបបទល្មើសដែលកើតមានឡើង ស្ទើរបាន១០០ភាគរយ កាលពីឆ្នាំ២០១៨កន្លងទៅ។

ការថ្លែងកោតសរសើរបែបនេះ របស់លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ឆ្នាំ២០១៨ និងទិសដៅបន្ដ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់ ចំណុះនាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០១៨កន្លងទៅនេះ យើងមោទនភាពណាស់ដែលកងកម្លាំងនគរបាលយុត្តិធម៌ គ្រប់ប្រភេទ បង្ក្រាបបានស្ទើរ១០០ភាគរយ ចឹងមានសេចក្ដីថា នេះជាការខិតខំប្រឹងប្រែងរបស់នគរបាលជំនាញទាំងអស់។ ពាក់ព័ន្ធសភាពការណ៍បទល្មើសរួម ដែលមានការថយចុះនេះ មិនមែនថយចុះជាយថាហេតុនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរបស់យើង»

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានណែនាំឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សម្រាប់ទិសដៅបន្ដនេះ ត្រូវតែស្វែងរកអត្តសញ្ញាណ រូបថត មុខសញ្ញាមានដីកា និងតាមចាប់ឲ្យបានសកម្មជាងឆ្នាំមុនៗ ព្រមទាំងស្វែងរកចាប់មុខសញ្ញាសេសសល់ ហើយត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង មុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទតាមបច្ចេកវិទ្យាទំនើប។

បន្ថែមពីនេះ អគ្គស្នងការរង អ៉ិន បូរ៉ា បានជំរុញឲ្យសហការជាមួយស្ថាប័នតុលាការ ដើម្បីពិនិត្យសំណុំរឿង និងចោទប្រកាន់ជនសង្ស័យប្រព្រឹត្តបទល្មើសឆក់ ដែលបង្ក្រាបចាប់បានជាបទឧក្រិដ្ឋ និងត្រូវពង្រឹងកម្លាំងប្រចាំការអន្ដរាគមន៍ជំនាញនៅអង្គភាព ព្រមទាំងរៀបចំក្រុមជំនាញកត់ត្រាទិន្នន័យបទល្មើស និងលទ្ធផលបង្ក្រាបដើម្បីវិភាគសិក្សាបែបឧក្រិដ្ឋវិទ្យា ដើម្បីងាយស្រួលក្នុងការកំណត់យុទ្ធសាស្ដ្រ សម្ដៅកាត់បន្ថយ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព។

បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ហាញថា បង្ក្រាបបទល្មើសជារួមបាន ចំនួន២,៥៩៨ ករណីឃាត់ខ្លួនបាន៣,៧៤២នាក់ ស្មើ៨៨% ក្នុងនោះ៖

*បទឧក្រិដ្ឋ បង្ក្រាប៥២៨ករណី ឃាត់ខ្លួន៧៨៤នាក់ ស្មើ៨៥%, បង្ក្រាបជាក់ស្តែង៣៧៨ករណី ឃាត់ខ្លួន៥៣៦នាក់ ស្មើ៧២% និងស្រាវជ្រាវ១៥០ ករណីឃាត់ខ្លួន២៤៨នាក់ ស្មើ២៨%
*បទមជ្ឈិមបង្ក្រាប២,០៧០ករណី ឃាត់ខ្លួន២,៩៨៥នាក់ ស្មើ៨៨%, បង្ក្រាបជាក់ស្តែង១,៦៩១ករណី ឃាត់ខ្លួន២,៣៩៨នាក់ ស្មើ៨២% និងស្រាវជ្រាវ៣៧៩ករណី ឃាត់ខ្លួន៥៦០នាក់ ស្មើ១៨%។

ក្នុងចំណោមចំនួនជនសង្ស័យដែល ចាប់ឃាត់ខ្លួនបានចំនួន៣,៧៤២នាក់ ខាងលើនេះ បានពិនិត្យរកឃើញថា មុខសញ្ញាបានប្រើប្រាស់សារធាតុញៀន សរុប៣២% (បទឧក្រិដ្ឋ២២% និងបទមជ្ឈិម៣៤%), មុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើសមិនរាងចាល៤% (បទឧក្រិដ្ឋ៦% និងបទមជ្ឈិម៤%) និងមុខសញ្ញាអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ មាន២០,៨១% (ឧក្រិដ្ឋ១៥,២៧% និងបទមជ្ឈិម៨៤,៧២%)៕