(ព្រះសីហនុ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឲ្យអាជ្ញាធរខេត្តស្រុក ក្រុង នៅក្នុងខេត្តព្រះសីហនុ ប្រែក្លាយ និងកសាងខ្លួនជារដ្ឋបាលទំនើប ក៏ដូចជា ចេះដឹកនាំសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបម្រើ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់បងប្អូនប្រជាពលរដ្ឋ។

ការលើកឡើងដូច្នេះរបស់លោក សាយ សំអាល់ ធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ អំឡុងពេល នៃពិធីជួបប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយទៅជាខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុ គ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។

ស្រុកកំពង់សិលាជាស្រុកមួយ ក្នុងចំណោមស្រុកក្រុងទាំង ៥ខេត្តព្រះសីហនុ ដែលពោរពេញដោយសក្តានុពលដែលមានតំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្ម ការដាំដើមអាកាស្យា ចម្ការផ្លែឈើនិងចម្ការដូងប្រេង ព្រមទាំងមានរោងចក្រជាច្រើនទៀត។

លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ក្នុងការងារគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរត្រូវប្រែក្លាយនិងកសាងខ្លួនជារដ្ឋបាលទំនើប និងចេះដឹកនាំសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវស្គាល់ថាតើកន្លែងណាខ្លះជាប្រភពសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើការរៀបចំផែនការឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយដើម្បីទាញផលនៃ ការអភិវឌ្ឍសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

រដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព»

សូមរំឮកថា នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារជាតិចុះមូលដ្ឋាន និងក្រុមការងារថ្នាក់កណ្តាលខេត្តព្រះសីហនុកាលពីថ្ងៃទី៨ ខែមេសា លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ បាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង។ រដ្ឋមន្ត្រី បានគូសបញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអាទិភាពចំនួន ៤ ក្នុងចំណោមការងារជាច្រើនដែលក្រុមការងារត្រូវដោះស្រាយឱ្យបានរួមមាន៖

*ទី១៖ ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ នៅក្នុងខេត្តព្រះសីហនុទាំងមូលដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ
*ទី២៖ ការពារឱ្យបាននូវបរិយាកាសសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន
*ទី៣៖ ការគ្រប់គ្រងការងារសំណង់ដែលជាគម្រោងសាងសង់ថ្មីៗ ត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់
*ទី៤៖ ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។

ប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់យ៉ាងមុតមាំថា ខេត្តព្រះសីហនុត្រូវ បញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។ លោកថ្លែងថា «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។

លោកបានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរដល់ជនខិលខូចទាំងឡាយដែលមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។ លោកបន្តថា ប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្ត។

ទាក់ទងនឹងបញ្ហាទឹកសាបសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ លោក សាយ សំអាល់ បានលើកឡើងថាត្រូវតែរក្សាប្រភពទឹកសាប នៅក្នុងតំបន់នានាក្នុងខេត្តព្រះសីហនុ ដើម្បីរក្សាឱ្យបានគង់វង្សនូវប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ដូចជាការផលិតទឹក និងការចែកចាយទឹក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជីវកម្មនានានៅក្នុងខេត្តព្រៃសីហនុនេះ។

រដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងថា ករណីដូចគ្នានេះ ក៏ត្រូវអនុវត្តផងដែរចំពោះការគ្រប់គ្រងចរន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។ ដើម្បីគ្រប់គ្រងអនាម័យបរិស្ថាន ខេត្តព្រះសីហនុឱ្យបានល្អស្អាត រដ្ឋមន្ត្រីបាន ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋ រួមនឹងម្ចាស់អាជីវកម្ម ទីកន្លែងកម្សាន្ត នានានៅក្នុងក្រុងព្រះសីហនុ រួមសហការសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

រដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររួមសហការគ្នា ប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក សាយ សំអាល់ លើកឡើងថា ពីគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏ដូចជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមាន ការរៀបចំក្រុងឱ្យបានល្អ។ ជាមួយគ្នានេះ ប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជន៕