(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានធ្វើការសហការជាមួយក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទឹកបរិសុទ្ធ អារុណា ចែកជូនកាដូរាប់ពាន់ ដល់អតិថិជន ដែលគាំទ្រផលិតផល និងសេវាកម្មរបស់វីង។

ការផ្តល់ជូននេះ ប្រព្រឹត្តឡើងនៅខាងមុខការិយាល័យកណ្តាល នៃធនាគារឯកទេសវីង ក៏ដូចជាក្រុមហ៊ុនសែលកាត ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមេសា ដោយធនាគារឯកទេសវីង នឹងផ្តល់ជូនអតិថិជន នូវទឹកបរិសុទ្ធអារុណា រាប់ពាន់កេស សម្រាប់អតិថិជន ដែលបានធ្វើប្រតិបត្តិការ យ៉ាងហោចណាស់៣ដុល្លារ តាមរយៈគណនីវីង ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ដើម្បីទទួលបានកាដូនេះ អតិថិជនគ្រាន់តែស្វែងរកបុគ្គលិក វីង ដែលកំពុងរង់ចាំនៅស្តង់វីង នៅតាមទីតាំងខាងលើណាមួយ និងបង្ហាញប្រតិបត្តិការចុងក្រោយរបស់ពួកគេ លើកលែងតែការដាក់ប្រាក់ និងទូទាត់វិក្កយបត្រភ្លើងក្រោម២៥ដុល្លារ។ រាល់ប្រតិបត្តិការ តាមរយៈគណនីវីង ចាប់ពី០៣ដុល្លារឡើងទៅ អាចធ្វើការប្តូរជាកាដូទឹកបរិសុទ្ធ អារុណាចំនួនមួយកេស។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា វាគឺជាគោលបំណង របស់ធនាគារក្នុងការធានាថា ក្រៅពីការនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចជួយធ្វើឲ្យប្រសើរឡើង នូវ ជីវភាពប្រចាំថ្ងៃ រាល់អតិថិជនរបស់វីង នឹងអាចនាំយកនូវកាដូដ៏គួរឲ្យចងចាំនេះ ពេលពួកគេធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

លោក ម៉ាឡូឡូស បានបន្តថា «វីងសង្ឃឹមថា កាដូនេះនឹងនាំផ្តល់នូវការចងចាំដ៏ល្អមួយ សម្រាប់អតិថិជនមិនថាពួកគាត់យកវាទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរកម្សាន្តក្នុងអំឡុងថ្ងៃសម្រាកចូលឆ្នាំខ្មែរ។ យើងសង្ឃឹមថា អតិថិជនរបស់យើង នឹងបន្តប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់វីង ដោយសារតែធនាគារមានការផ្តល់ជូនជាច្រើន ក្នុងអំឡុងពេលឈប់សម្រាកនេះ រួមទាំងការបញ្ចុះតម្លៃ ៥០% នៅពេលទូទាត់ថ្លៃសំបុត្រតាមរយៈ WingPay នៅលើគេហទំព័រ camboticket.com»

ក្រៅពីទទួលបានទឹកបរិសុទ្ធអារុណា ដោយឥតគិតថ្លៃ អតិថិជនដែលមកកាន់ទីតាំងទាំងពីរ ក៏អាចទទួលបានកាដូជាច្រើនផងដែរ នៅពេលពួកគេចុះឈ្មោះប្រើប្រាស់ស៊ីមសែលកាត។ លើសពីនេះទៅទៀត ពួកគេអាចរីករាយជាមួយការបញ្ចុះតម្លៃជាច្រើន ប្រសិនបើពួកគេធ្វើការទិញទឹកបរិសុទ្ធអារុណាបន្ថែម៕