(ភ្នំពេញ)៖ សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។ សារមន្ទីរបង្ហាញនូវប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងក្លាយទៅជាកន្លែងសម្រាប់យុវជនជំនាន់ក្រោយសិក្សាស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិខ្មែរ។

ពិធីសម្ពោធជាផ្លូវការនៃសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនរូបផ្សេងទៀត។

«សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមកសាងឡើង បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខូបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៩មក ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា។ ការសាងសង់ និងរៀបចំសារមន្ទីរនេះមានរយៈពេល ១០ឆ្នាំគត់ ដើម្បីបញ្ចប់ជាស្ថាពរ។

«សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន» ត្រូវបានជួសជុលកែលម្អឡើងវិញ លើសំណង់បុរាណសល់ពីសម័យអាណានិគមនិយមបារាំង ស្ថិតក្នុងបរិវេណអតីតសាលារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅអគារលេខ១៦ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ សារមន្ទីរនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ថា «ស.ស.រ»។ ព្រះស្រីឦសានវរ្ម័ន គឺជាព្រះមហាវីរក្សត្រខ្មែរដ៏ឆ្នើមមួយព្រះអង្គ សោយរាជ្យពីឆ្នាំ៦១១ ដល់ឆ្នាំ៦៣៧ ក្នុងសម័យចេនឡា ដែលមានរាជធានីនៅឦសានបុរៈ បច្ចុប្បន្នហៅថា សំបូរព្រៃគុក ហើយព្រះអង្គបានបោះកាសមាសដំបូងគេមួយប្រភេទ សម្រាប់បង្ហាញពីឫទ្ធានុភាព និងអធិបតេយ្យលើបូរណាភាពទឹកដីរបស់ព្រះអង្គ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការនៃសារមន្ទីរនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយពោរពេញដោយមោទនភាពចំពោះវត្តមានជាប្រវត្តិសាស្ត្រនៃសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីអ្នកជំនាញជាច្រើនរូប ក្រោមការដឹកនាំផ្ទាល់របស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធានាគារជាតិនៃកម្ពុជា ជាពិសេសឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ តាមការណែនាំរបស់ខ្ញុំ ក្នុងគោលបំណងប្រមែប្រមូលចងក្រងរាល់ឯកសារ និងវត្ថុតាងនានា ដែលពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលបានកប់ជ្រៅក្នុងប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយសម្រាប់បង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ។ ពិសេសដើម្បីឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអធិបតេយ្យជាតិយើងពីជំនាន់មួយទៅជំនាន់មួយរហូតដល់បច្ចុប្បន្ននេះ»។

លោក ជា ចាន់តូ បានបន្ថែមថា ការសាងសង់ និងរចនានូវអគារសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមស្រាវជ្រាវពីចំណុចសូន្យ។ បើតាមលោក ជា ចាន់តូ ដោយសារតែប្រវត្តិសាស្ត្ររបស់កម្ពុជាមានការប្រែប្រួលច្រើន និងមានភាពស្មុគស្មាញ ព្រមទាំងមិនសូវមានការចងក្រងឯកសារផងនោះ បានបង្កជាការលំបាកក្នុងការចងក្រងប្រមូលផ្តុំ និងសាងសង់នូវសារមន្ទីរមួយនេះផងដែរ។

លោកអគ្គទេសាភិបាល បានអះអាងថា ដើម្បីសាងសង់សារមន្ទីរនេះឡើង គឺត្រូវធ្វើការងារពាក់ព័ន្ធនឹងចំណុចសំខាន់ៗចំនួន៣រួមមាន៖ ទីមួយ ការស្តារឡើងវិញនូវរឿងពិតដ៏សំខាន់មួយដែលជាញឹកញាប់មិនមានការយកចិត្តទុកដាក់ គឺរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា, ទីពីរ គឺការប្រមូលផ្តុំឯកសារ រូបភាព និងកាស ដើម្បីទុកជាភស្តុតាង និងទីបី គឺការផ្តល់ជូននូវទីកន្លែងនៃចំណេះដឹងទំនើបថ្មីមួយ និងប្រកបដោយអន្តរកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់សិស្ស និងនិស្សិត។

លោក ជា ចាន់តូ បានថ្លែងថា «ការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នេះ នឹងរួមចំណែកយ៉ាងសំខាន់ទៅដល់ការស្វែងយល់ពីប្រវត្តិរឿងរ៉ាវ នៃសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ដែលមិនសូវមានឯកសារប្រវត្តិសាស្ត្របានលើកយកមកបង្ហាញឱ្យបានក្បោះក្បាយ។ លើសពីនេះសារមន្ទីរនេះ បានបង្ហាញយ៉ាងលម្អិតពីការកសាងឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលសំខាន់ៗក្នុងរយៈពេល៤ទសវត្សរចុងក្រោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យជាប្រវត្តិសាស្ត្រនៃគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយមោទនភាពនៃសេដ្ឋកិច្ចកម្ពុជា»។

សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាលនាដើមសតវត្សរ៍ទី២០។

អគារសារមន្ទីរនេះ មានកម្ពស់ ២ជាន់ ដែលមានពិព័រណ៍ចំនួន ១២ដំណាក់កាល ដោយដំណាក់កាលទី១ ដល់ទី៨ បង្ហាញពីប្រវត្តិនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងរូបិយវត្ថុជាតិចាប់ពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន និងដំណាក់កាលទី៩ ដល់ទី១២ បង្ហាញពីតួនាទីរូបិយវត្ថុ និងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ពិព័រណ៍នៃដំណាក់កាលនីមួយៗមានរៀបចំដាក់តាំងបង្ហាញពីកាសបុរាណ, ធនបត្រ, សិលាចារឹក, រូបថត និងវត្ថុសិល្បៈផ្សេងៗ ព្រមទាំងមានផ្ទាំងប៉ាណូ, សៀវភៅ និងខ្សែភាពយន្តខ្លីៗ ដែលបង្ហាញពីប្រវត្តិរូបិយវត្ថុ និងការវិវឌ្ឍនៃសេដ្ឋកិច្ចដំណាក់កាលនីមួយៗ ហើយត្រូវបានរៀបចំជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង។

សារមន្ទីរនេះ ក៏មានបណ្ណាល័យ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ និងសួនច្បារដ៏ស្រស់ស្អាត។ បន្ទាប់ពីបើកសម្ពោធហើយសាធារណជននឹងអនុញ្ញាតឱ្យចូលទស្សនានៅក្នុងសារមន្ទីរដែលបង្ហាញពីប្រវត្តិនៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាតាំងពីសម័យហ្វូណនមួយនេះ។

ភាពសម្បូរបែបនៃការពិពណ៌នាតាមរយៈការតាំងពិព័រណ៍ វីដេអូ និងគំនូរជីវលនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ័្មន» ដែលរួមមានវីដេអូចំនួន៥០ ល្បែងកម្សាន្ត និងអេក្រង់ប៉ះ (Touch Screens) ទូតាំងពិព័រណ៍ ផ្ទាំងអក្សរ ក៏ដូចជាការរៀបចំសាច់រឿងតាមបែបសម័យទំនើប ដែលរចនា និងផលិតដោយក្រុមហ៊ុននៅកម្ពុជា នឹងផ្តល់ភាពពេញចិត្តដល់សាធារណជនកម្ពុជា និងបរទេសផងដែរ៕