(ហ្សឺណែវ)៖ ក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក Michel Sidibe អគ្គនាយកអង្គការ UNAIDS នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Grand Hotel Kempinsky Geneva ដែលជំនួបពិភាក្សានេះ ធ្វើឡើងក្នុងពេលដែលអង្គការ UNAIDS រៀបចំកិច្ចប្រជុំពិគ្រោះយោបល់សកលស្តីពី «ការគូសវាសផ្លូវដើរទៅកាន់លទ្ធផលនៃការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយចីរភាព ក្នុងយុគសម័យគោលដៅអភិវឌ្ឍបករកបដោយចីរភាព» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៨ដល់១០ ខែមេសា។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថ្លែងអំណរគុណអង្គការ UNAIDS ដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងធ្វើឱ្យសម្រេចបានគោលដៅ ៩០-៩០-៩០ (៩០%នៃអ្នកផ្ទុក មេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ៩០% នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍កម្រិតទាបបំផុតនៅក្នុងឈាម)។

លោកទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនលោក Michel Sidibe ថា កម្ពុជាបាន និងកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវឈាន ទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការបញ្ចប់អេដស៍ និងធ្វើឱ្យមានចីរភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវគោលនយោបាយ៦ចំណុច ដើម្បីធានាចីរភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ជាលក្ខណៈពហុវិស័យផងដែរកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ហើយកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅថ្មីៗនេះ លោកទេសរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកចំណុចរួមក្នុងការធានាចីរភាព នៃការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

លោកអគ្គនាយកអង្គការ UNAIDS បានអបអសាទរកម្ពុជាដែលបាន សម្រេចនូវគោលដៅ ៩០-៩០-៩០។ ជោគជ័យនេះបានកើតចេញពីការ បង្កើតនូវបរិយាកាសមួយដែលបានជាប់ពាក់ព័ន្ធដ៏ល្អប្រសើរពីរាជរដ្ឋា ភិបាលកម្ពុជា។ កម្ពុជាក៏បានបង្ហាញឱ្យឃើញ នូវការផ្ទេរដំណាក់កាល និងវឌ្ឍនភាព។ យើងមានមោទនភាពចំពោះជោគជ័យរបស់កម្ពុជា។ ជាមួយ គ្នានេះលោកអគ្គនាយកក៏បានសរសើរលោកស្រី Vladanka Andreeva នាយកប្រចាំកម្ពុជារបស់អង្គការ UNAIDS ដែលបានប្តេជ្ញាចិត្តក្នុងការងារ និងស្នើឱ្យរៀបចំវីដេអូឯកសារបង្ហាញពីជោគជ័យរបស់កម្ពុជាដើម្បីបង្ហាញដល់ប្រទេសដទៃ។

លោកអគ្គនាយកបានប្រគល់នូវ វិញ្ញាបនបត្រទទួល ស្គាល់នូវការប្តេជ្ញាចិត្តនយោបាយ និងមគ្គុទ្ទេសក៍ភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យសម្រេចនូវ គោលដៅ៩០-៩០-៩០ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ជូនដល់លោកទេសរដ្ឋមន្រ្តី អៀង មូលី៕