(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសាលាបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីភាពខ្លាំងរបស់សិស្សនារីថ្នាក់ទី៧ និងទី៩ រៀនសាលាចំណេះទូទៅអន្តរជាតិឌូវី បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រលងមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តក្នុងចំណោម៣០ក្រុមសិស្សមកពីសាលានានាខេត្តបាត់ដំបង និងបន្ទាយមានជ័យកន្លងទៅ។

លោក ឈួន សេងហួង អគ្គនាយករងក្រុមហ៊ុនឌូវី អ៊ើនធើណេសិនណលបាត់ដំបង បានឱ្យថា កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០១៩ ថ្នាក់ដឹកនាំសាលាឯកជននានា មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានតាំងពិព័រណ៍វិទ្យាសាស្រ្តមាន៣០ក្រុមផ្សេងៗគ្នាដោយសាស្រ្តាចារ្យបរទេសជាអ្នកដាក់ពិន្ទុឲ្យបេក្ខជន។

លោកអគ្គនាយករងបានបញ្ជាក់ថា លុះដល់ថ្ងៃទី៣ ខែមេសាឆ្នាំ២០១៩ ក្រុមតាំងពិព័រណ៍ផ្នែកវិទ្យាសាស្រ្តបានចូលរួមប្រកួតក្នុងកម្មវិធី Girl For Science នៅសាកលវិទ្យាល័យបាត់ដំបង(UBB) ដែលមានសាលាឯកជនចំនួន៣ប្រកួតគ្នា ក្នុងនោះមានសាលាចំណេះទូទៅអន្តរជាតិឌូ សាលាអន្តរជាតិយូ អេស អេ និងសាលាអន្តរជាតិបញ្ញាសាស្រ្ត ជាលទ្ធផលសាលាចំណេះទូទៅអន្តរជាតិឌូ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកកសិកម្មធ្វើជីធម្មជាតិនិង១ក្រុមទៀតជាប់មុខវិជ្ជា ស្នួហាលសំលៀកបំពាក់ស្វ័យប្រវត្តិ។

លោកបានបន្តថា ថ្ងៃនេះខាងសាលាយើងមានគោលបំណងផ្សព្វផ្សាយទៅសាធារណជន ឲ្យបានដឹងថា កូនខ្មែរបានរៀនត្រឹមតែបឋមភូមិ និងទុតិយភូមិប៉ុណ្ណោះ ក៏រៀនផ្នែកវិទ្យាសាស្រ្តពូកែមិនចាញ់សិស្សបរទេសឡើយ នេះជាមោទនភាពមួយ ជាធនធានមនុស្សរបស់កូនខ្មែរដ៏ពិសេសនេះ និងអាចយកទៅចែកចាយបន្ត ដើម្បីជាប្រយោជន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិនៅពេលអនាគតខាងមុខនេះ។

សិស្សដែលបានទទួលជ័យលាភី បានធ្វើការបកស្រាយប្រាប់សារព័ត៌មានយ៉ាងក្បោះក្បាយ តាមសមត្ថភាពរៀងៗខ្លួន ហើយសាលាក៏ដូចជាមាតាបិតាសិស្សបានអបអរសាទរដែលកូនរបស់គាត់បានរៀនពូកែរហូតបានជ័យលាភីនេះ៕