(សៀមរាប)៖ មន្រ្តី-បុគ្គលិក នៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ទទួលការបណ្ដុះបណ្ដាលលើជំនាញថតរូប ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងបំណងដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាននិងថតរូប ឱ្យមានចំណេះដឹងបន្ថែមអំពីរបៀបថតរូប។ ជាមួយគ្នានេះដែរ វគ្គសិក្សានេះគឺជាចំណេះដឹងបន្ថែម សម្រាប់បុគ្គលិកនៃនាយកដ្ឋានផ្សព្វផ្សាយ ឱ្យមានគំនិតចេះថត ដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។

គ្រូបង្គោលនៃវគ្គសិក្សានេះ គឺលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីព បម្រើការងារឱ្យទីភ្នាក់ងារ EPA របស់អឺរ៉ុប និងមានបទពិសោធន៍ផ្នែកថតរូបរយៈពេលជាង ២០ឆ្នាំមកហើយ។
ជាការចាប់ផ្តើមនៃការបង្រៀននេះ លោកគ្រូ ម៉ក់ រ៉េមីស្សា បានបង្រៀននិងណែនាំពីរបៀបប្រើការកាមេរ៉ា គោលការណ៍នៃការថតរូប ក៏ដូចជាគោលគំនិតទូទៅនៃសារព័ត៌មានរូបភាព។ល។

សម្រាប់លោកគ្រូ ម៉ក់ រ៉េមីស្សា រូបភាពពិតជាសំខាន់សម្រាប់ការផ្សព្វផ្សាយទូទៅ និងទុកជាឯកសារទៅថ្ងៃក្រោយ។

កញ្ញា ហ៊ីង ស្រីរ័ត្ន ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ បានឱ្យដឹងថា វគ្គសិក្សានេះ ជួយឱ្យខ្លួននាង ដឹងពីមុខងាររបស់កាមេរ៉ា ពេលវេលាល្អចំពោះការថតរូប ពិសេសដឹងពីភាពខុសគ្នារវាងការថតរូបឯកសារ និងរូបសម្រាប់ព័ត៌មាន។

លើសពីនោះ វគ្គសិក្សានេះ ឱ្យនាងដឹងពីធាតុសំខាន់ៗក្នុងការថតរូបឲ្យស្អាត មានគុណភាព សោភ័ណភាព និងមានការទាក់ទាញ៕