(ព្រៃវែង)៖ ថ្លែងទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិនៅស្រុកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋមានការរីកចម្រើនយ៉ាងឆាប់រហ័សក្រោមម្លប់នៃសន្តិភាពក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

លោក ស្តើង សុខុម បានលើកឡើងថា សន្តិភាពមានតម្លៃជាសាកល មិនត្រឹមតែប្រទេសកម្ពុជានោះឡើយ គឺគ្រប់បណ្តាប្រទេសដែលរីកចម្រើនលើពិភពលោក មុនឈានដល់ការអភិវឌ្ឍត្រូវរកឲ្យបានជាមុនសិននូវសន្តិភាព។ លោកបានលើកឡើងដូច្នេះ «កម្ពុជាក្នុ្ងរយៈពេល ២០ ឆ្នាំចុងក្រោយ នេះគឺបន្ទាប់ពីការអនុវត្តនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានកម្ទេចចោលទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធទាំងយោធា និង រដ្ឋបាលរបស់ខ្មែរក្រហមរួចមក សុខសន្តិភាព និងការបង្រួបបង្រួមជាតិបានកើតមានឡើងពេញផ្ទៃប្រទេស។ សុខសន្តិភាពនេះហើយដែលបានផ្តល់ឳកាសមាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើន ៧ភាគរយអត្រានៃភាពក្រីក្របានថយចុះមួយឆ្នាំជាង ១ភាគរយ។ ជាក់ស្តែងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនលើសការរំពឹងទុកក្នុងអត្រា ៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ទន្ទឹមនេះអតិផរណាក៏ស្ថិតក្នុងកម្រិតទាបក្នុងអត្រាប្រមាណ ២,៥% ទោះបីឆ្នាំ២០១៨ជាឆ្នាំបោះឆ្នោតជាតិក៏ដោយកំណើននេះសម្រេចបានមកលើមូលដ្ឋាននៃការកើនឡើង សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យរួមមាន ការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ លើសពីនេះកំណើនដ៏ល្អប្រសើរនេះ ក៏សបញ្ជាក់ឲ្យឃើញពីការកើនឡើងនូវទំនុកចិត្ត របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ចំពោះភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ទោះបីសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងហានិភ័យកាន់តែច្រើនជាមុនក៏ដោយជាការពិតសមិទ្ធផលសេដ្ឋកិច្ចគួរឲ្យកោតសរសើរក្នុងឆ្នាំ ២០១៨ នេះអាចសម្រេចទៅបានគឺដោយសារកិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការធានានូវសុខសន្តិភាពនិងស្ថេរភាពនយោបាយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានភាពអនុគ្រោះសម្រាប់សកម្មភាពផុលផុស នៃការវិនិយោគធុរកិច្ចក្នុងគ្រប់វិស័យ។

នៅក្នុងពីធីសំណេះសំណាលនោះដែរលោក ស្តើង សុខុម ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនជាមន្រ្តីនៅមូលដ្ឋាន។

ក្នុងនាមជាមន្ត្រីថ្នាក់ជាតិចុះជួយស្រុកកំចាយមារ លោក ស្តើង សុខុម បាននាំមកជាមួយនូវបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមតិណែនាំសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ជូនចំពោះប្រធានក្រុមប្រឹក្សាស្រុក ប្រធានស្រុក និង មេឃុំ ក្រុមប្រឹក្សាឃុំសង្កាត់និងមេភូមិ ត្រូវយកចិត្តទុកដាក់ព្រោះវាជាទិសដៅសម្រាប់ការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅថ្ងៃដដែលនោះដែរលោក ស្តើង សុខុម និងប្រតិភូអមដំណើរក៏បានអញ្ជើញពិនិត្យមើលការស្ថាបនាផ្លូវបេតុងនៅក្នុងសាលាបឋមសិក្សាមហាឧបាសក ស ប៊ិត និង មហាឧបាសិកា ម៉ុក សែម ព្រៃទួល។ បន្ទាប់មកលោកប្រធានក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យមើលទីតាំងសម្រាប់កសាងអគារសិក្សាស្មាច់ ស្ថិតក្នុងភូមិស្មាច់ ឃុំក្របៅ និង បានបន្តដំណើរទៅពិនិត្យមើលការកសាងផ្លូវបេតុងនៅក្នុងសាលាបឋមសិក្សាក្របៅថ្មី។

ចុងក្រោយលោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ ក៏បានបន្តដំណើរទៅពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាចំនួន៤ ខ្នង ១៦ បន្ទប់ បណ្តាល័យមួយ និង តារាងបាល់ទាត់ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនៅអនុវិទ្យាល័យមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ក្នុងឃុំត្របែក ស្រុកកំចាយមារ។

នៅគ្រប់កន្លែងដែលទៅដល់លោកប្រធានក្រុមថ្នាក់ជាតិចុះជួយស្រុកកំចាយមារ បានសុំឲ្យអ្នកមៅការសំណង់ត្រូវយកចិត្តទុកដាក់សាងសង់អគារសិក្សាទាំងអស់ឲ្យ មានគុណភាពនិងប្រកបដោយស្តង់ដារ។ ជាមួយគ្នានេះលោកក៏បានផ្តាំផ្ញើរទៅនាយកសាលា និង លោក គ្រូអ្នកគ្រូទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សានូវសម្បត្តិសាធារណៈរបស់រដ្ឋឲ្យបានល្អ និង ខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យបានល្អ៕