(កំពង់ធំ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីរាជការចំនួន ៣៤រូបនៃមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបានប្រកាសតែងតាំងជាផ្លូវការឲ្យចូលកាន់មុខតំណែង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរលោក សុខ លូ បានឲ្យដឹងថា មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីទាំង ៣៤រូប នៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែង មន្រ្តីរាជការ ដោយបានឆ្លងកាត់ការវាយតម្លៃពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពសាម៉ីច្បាស់លាស់ ដើម្បីឲ្យការតែងតាំងនេះប្រកបដោយភាពយុត្តិធម៌អាចទទួលយកបាន។

លោកបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកនឹងធ្វើការប្រជុំវាយតម្លៃមន្ត្រី ដែលមានស្នាដៃល្អក្នុងការបំពេញការងារ ដើម្បីបំពេញមុខតំណែងនៅទំនេបន្តរបន្ទាប់ទៀត។ ថ្វីត្បិតតែការតែងតាំងនេះ វាមិនអាចធ្វើឲ្យមានការសប្បាយចិត្តទាំងអស់គ្នានោះទេ ប៉ុន្តែនេះគឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរ លោកក៏បានកោតសរសើរមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាវិស័យឯកជននានា ដែលមានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ក្នុងការរៀបចំពិធីជប់លៀងអប់អរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីក្នុងស្ថានប័នអង្គភាពរបស់ខ្លួន ប្រកបដោយភាពសប្បាយរីករាយថែមទៀតផងដែរ។

លើសពីនេះទៀត លោកបានជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវសហការជាមួយកម្លាំងជំនាញ ដើម្បីរួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនានាដូចជា៖ បទល្មើសព្រៃឈើ, បទល្មើសនេសាទ, គ្រឿងញៀន, បញ្ហាដីធ្លីជាដើម ជាពិសេស ត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួមកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុកឲ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងគោលបំណងដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ជាពិសេសទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឲ្យកាន់តែច្រើនឡើង និងមានភាពល្បីល្បាញរន្ទឺថែមទៀត។

លោក សុខ លូ ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ អនុវត្តនូវផែនការការងាររបស់ថ្នាក់ដឹកនាំបានប្រគល់ជូន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា៕