(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកសំណើមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដាក់វិធានការ លុបបំបាត់បំបាត់មិនឱ្យមានក្លឹបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនទៀតនោះទេ។ សម្តេចអះអាងថា ការដែលមានទីតាំងបែបនេះនៅជិតសាលា អាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សនិស្សិត ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនមូលក្នុងការសិក្សា។

ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បានថ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចុះពិនិត្យ ទីតាំងសាងសង់អាងហែលទឹក សកលវិទ្យាល័យបាត់ដំបង។ ពិធីនេះក៏មានការចូលរួមអមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «ខ្ញុំក៏បានលើកសំណើមួយទៅ សម្ដេចតេជោ ទាក់ទងរឿងការដាក់ក្លឹបកម្សាន្ដជិតសាលារៀន និងក៏បានបន្ថែមទៅក្នុងកម្មវិធីជាតិ ស្ដីពីសុខភាព គឺថាយើងមិនអនុញ្ញាតឲ្យ ដាក់ក្លឹបកម្សាន្ដ នៅជិតសាលារៀនទេ។ បើមិនអញ្ចឹងទេ នឹងធ្វើឲ្យក្មេងមានអារម្មណ៍មិនមូល បែកហើយ បើថាក្លឹបនឹងលួចលាក់ មានគ្រឿងញៀនទៀត អាហ្នឹងគឺជាបញ្ហា ជាពិសោធន៍កន្លងទៅ»។ សម្តេចបានបន្តទៀតថា «កន្លែងបច្ឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង»

សម្ដេចបានបញ្ជាក់ថា បញ្ហាអប់រំ ដើម្បីទប់ស្កាត់ បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ គ្រឿងញៀននៅក្នុងសាលានេះ ក្រសួងមហាផ្ទៃ និង ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កេីតជាបន្ទប់ពិសេសមួយដើម្បី បញ្ចាំង វីដេអូ ស្ដីការផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ដោយយើងអាចយកបន្ទប់នេះ ដើម្បីធ្វើការបង្រៀនជាពិសេស ដែលនេះគឺជាវិធានការមួយថ្មី ដើម្បីធ្វើការបញ្រាបដល់យុវជន ក្នុងនោះក្រសួងអប់រំយុវជន ក៏នឹងរៀបចំបង្កើត ឲ្យមានសិស្សយាមសាលា ដើម្បីការពារកុំឲ្យមានគ្រឿងញៀន ចូលទៅក្នុងសាលារៀនផងដែរ៕