(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង០១ខ្សែ ដែលមានទទឹង ១០ម៉ែត្រ ប្រវែង ៦,៨ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រទេសជាតិដែលបានរំដោះ និងស្តារប្រទេសជាតិក្រោមដំបូលសន្តិភាព ជាកត្តាសំខាន់នៃការអភិវឌ្ឍប្រទេស ជាក់ស្តែងស្ពានបេតុងថ្មី០១ ដែលទើបស្ថាបនារួច ក្នុងភូមិស្រុកចេក សង្កាត់ជើងឯកនេះ នឹងបម្រើជាប្រយោជន៍ ព្រមទាំងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយពីមុនទីនេះជាស្ពានចាស់ តូច ពិបាកធ្វើដំណើរ។

លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមឲ្យមេត្តាជួយថែរក្សាស្ពាននេះ ឲ្យបានល្អប្រសើរ ដើម្បីប្រើប្រាស់បានយូរអង្វែង។
ក្នុងនោះ អ្នកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ចំនួន ១០០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ចំនួន ០១ផងដែរ៕