(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកស្រី ព្រមទាំមន្រ្តីរាជការជាច្រើននាក់ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយទៅចែកជូនកងកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនលេខ៣០៣ និងវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២១ ដែលកំពង់ឈរជើងការពារតាម បណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង មានសេចក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាល ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនគោក យ៉ាងអង់អាចក្លាហាន រឹងមាំ ហ៊ានលះបង់អាយុជីវិត ដើម្បីការពារទឹកដីក្នុងនាមជាកូនចៅខ្មែរ។ ដូច្នេះកម្លាំងប្រដាប់អាវុធយើងទាំងមូល មានភារកិច្ចចម្បង គឺការពារ និងធានាសុវត្ថិភាព ស្ថេរភាពនយោបាយរបស់ជាតិ មាតុភូមិដែលជាកក្តា ចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍប្រទេស។

លើសពីនេះទៀត កម្លាំងប្រដាប់អាវុធមានតួនាទីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងជួយទំនុកបម្រុងប្រជាពលរដ្ឋ នៅពេលពួកគាត់ជួបបញ្ហាណាមួយ ដែលកើតឡើងដូចជា គ្រោះរាំងស្ងួត គ្រោះធម្មជាតិ។ល។ លោកក៏សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវថែរក្សាសុខភាពខ្លួនឯង ឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់ ហើយកងកម្លាំងទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នាចេះជួយធុរៈគ្នា ចេះសហការគ្នា រក្សាភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានរឹងមាំ និងបង្កើនសាមគ្គីឲ្យបានល្អជាមួយប្រទេសជិតខាង។

ជាងនេះទៅទៀត លោកអភិបាលជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បង្កើនការបង្កាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើឆ្លងដែន ខុសច្បាប់ឲ្យមានប្រសិទ្ធភាព។

ចំពោះមន្ត្រីរាជការស៊ីវិលនៅផ្នែកសមរភូមិក្រោយ ក៏មានចិត្តស្រលាញ់រាប់អាននឹករលឹក ហើយតែងជួយរួមសាមគ្គីផ្តល់អំណោយជូនកងកម្លាំងប្រដាប់អាវុធជានិច្ច ដោយមិនបោះបង់ឡើយ។

សូមបញ្ជាក់ថា គ្រឿងបរិភោគ ឧបភោគ ត្រូវផ្តល់ជូនកងកម្លាំងនគរបាលដែលឈរជើងការពារខ្សែបណ្តោយព្រំដែន កម្ពុជា-វៀតណាម រួមមាន៖ អង្ករ មីត្រីខ ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ព្រមទាំងថវិកាផ្ទាល់ខ្លួន របស់លោកអភិបាល និងលោកស្រី, ថវិកាបានមកពីអង្គភាពនានានៅក្នុងខេត្ត និងបានមកពីអស់លោក លោកស្រីជាឧកញ៉ា និងសប្បុរសជននានាបានមួយចំនួនផងដែរ ក្នុងការជួយឧបត្ថម្ភជូនអង្គភាពវរនគរបាលការពារព្រំដែនទាំងពីរខាងលើ និងឧមត្ថម្ភដល់គ្រប់ប៉ុស្តិ៍ការពារព្រំដែនដើម្បីជួយសម្រួល នារដូវបុណ្យចូលឆ្នាំខ្មែរ កាន់តែខិតជិតឈានចូលមកដល់ផងដែរ៕