(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ គណៈរដ្ឋមន្រ្តីបានអនុម័ត គម្រោងវិនិយោគស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មី២ថែមទៀត ដែលគម្រោងនីមួយៗ មានអានុភាព៦០ MW ហើយនឹងត្រូវសាងសង់ នៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយក្រុមហ៊ុន Schnei Tec Co., Ltd.។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានអនុម័តបន្ថែមអានុភាព២០ MW លើគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៦០ MW នៅខេត្តកំពង់ស្ពឺ ដែលបានអនុម័តរួចកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យអគ្គិសនីនៅកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បញ្ជាក់អំពីកិច្ចខិតខំប្រេងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។

នាពេលថ្មីៗនេះ គម្រោងផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០ មេហ្គាវ៉ាត់ (MW) ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនី ដំណាក់កាលដំបូងរបស់ខ្លួន។ គម្រោងនេះត្រូវបានប្រកាស ដោយអគ្គិសនីកម្ពុជា នៅខែឧសភាឆ្នាំ២០១៨ ហើយបានចាប់ផ្តើមដំណើរការសាងសង់ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រការដែលគួរឱ្យកត់សម្គាល់ គឺគម្រោងនេះត្រូវបានសាងសង់ក្នុងរយៈពេលខ្លី ពោលគឺប្រមាណតែ៥ខែ ហើយអាចចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញ រួមចំណែកក្នុងការកាត់បន្ថយកង្វះខាតថាមពលនា ពេលបច្ចុប្បន្ននេះ។

គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលទើបដាក់ឱ្យដំណើរការនេះ គឺជាស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យភ្ជាប់បណ្តាញទី២ នៅកម្ពុជា បន្ទាប់គម្រោងទី១កម្លាំង១០ MW ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមប្រតិបត្តិការនៅបាវិត កាលពីឆ្នាំ២០១៨។

លក្ខណៈពិសេសនៃគម្រោងផលិតអគ្គិសនី ដោយពន្លឺព្រះអាទិត្យ គឺថាវាអាចផលិតអគ្គិសនីបានច្រើនបំផុត នៅពេលថ្ងៃក្តៅខ្លាំង ពោលគឺស្របគ្នានឹងពេលដែលមានតម្រូវការប្រើប្រាស់ខ្ពស់ របស់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលការខ្វះខាតអគ្គិសនី អាចមានផលប៉ះពាល់អវិជ្ជមានច្រើន ដល់ប្រតិបត្តិការ និងដំណើរការផលិតកម្ម។

ជារួមអានុភាពសរុបនៃស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទាំងអស់ ដែលភ្ជាប់បណ្តាញ ហើយកំពុងប្រតិបត្តិការ សាងសង់ ឬបានអនុម័តរួចហើយស្មើនឹង២១០ MW ឬប្រមាណ១២% នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យម ក្នុងបណ្តាប្រទេសអាស៊ាន ដែលមានតិចជាង១០%។

នៅពេលអនុវត្តពេញលេញ គម្រោងទាំងនេះ អាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ២២០.០០០តោនក្នុងមួយឆ្នាំ ឬ៤.៤លានតោន ក្នុងរយៈពេលអនុវត្តគម្រោង២០ឆ្នាំ។ លើសពីនេះ គម្រោងថាមពលពន្លឺព្រះអាទិត្យ សរុបប្រមាណ៩០ MW កំពុងដំណើរការ ឬនៅក្នុងដំណាក់កាលសាងសង់នៅកម្ពុជា ដោយក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា គម្រោង ១០MW នៅរោងចក្រស៊ីម៉ងត៍ជីបម៉ុង, ៧.៥MW នៅរោងចក្រស៊ីម៉ងត៍កំពត ព្រមទាំងប្រព័ន្ធផលិតថាមពលអគ្គិសនី ដោយពន្លឺអាទិត្យដែលដំឡើងលើដំបូល នៅក្រុមហ៊ុនកូកាកូឡា ISISteel អង្គរឌែរី និងសាលាអន្តរជាតិភ្នំពេញ (ក្រោមយន្តការឥណទានកាបូន រួមគ្នាជាមួយជប៉ុន)។ គម្រោងទាំងនេះអាចកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ៩៣,០០០ តោនក្នុងមួយឆ្នាំ ឬ១.៩ លានតោន ក្នុងរយៈពេល២០ឆ្នាំ។

ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ក្បែរត្រូពិក កម្ពុជាមានសក្តានុពល ថាមពលពន្លឺព្រះអាទិត្យដ៏ធំធេង។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នាពេលថ្មីៗនេះនៅកម្ពុជា បានបើកនូវទំព័រថ្មីមួយ របស់វិស័យថាមពលជាតិ ក្នុងការឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៧ ក៏ដូចជាការរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការផលិតអគ្គិសនីស្អាត ពីប្រភពកកើតឡើងវិញ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអាចកើតមានបណ្តាលមកពីការ ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតអគ្គិសនី។

ក្នុងខណៈដែលតម្លៃនៃបច្ចេកវិទ្យា ថាមពលពន្លឺព្រះអាទិត្យទូទាំងពិភពលោក កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រសិទ្ធភាពបច្ចេកវិទ្យានេះ កាន់តែកើនឡើង ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យកាន់តែមានភាព ប្រកួតប្រជែង ហើយកាន់តែអាចរួមចំណែកច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តាមរយៈការកាត់បន្ថយថ្លៃអគ្គីសនី ការកាត់បន្ថយការបាត់បង់ថាមពល នៅពេលបញ្ជូន ការពង្រឹងសន្តិសុខថាមពលជាតិ ការកាត់បន្ថយការបំពុលបរិស្ថាន ការកាត់បន្ថយចំណាយ លើការនាំចូលឥន្ធនៈហ្វូស៊ីល និងការផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋកាន់តែច្រើន។

ប្រការគួរឱ្យកត់សំគាល់មួយទៀតគឺថា បើធៀបជាមួយបច្ចេកវិទ្យាផលិតអគ្គិសនីផ្សេងៗទៀត ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អាចសាងសង់រួចក្នុងរយៈពេលខ្លី ដែលជាកត្តាសំខាន់បំផុត ក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការ ថាមពលនៅរដូវប្រាំង៕