(សៀមរាប) លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើដាស់តឿនដល់កម្លាំងកងទ័ពឱ្យខិតខំបន្តការរក្សាការពារសុខសន្តិភាព ស្ថិរភាព ព្រមទាំងត្រូវពង្រឹងសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន និងភ្ញៀវទេសចរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជន ចុះជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

លោករដ្ឋមន្រ្តីបានជម្រាបជូនអំពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសសម្តេចតេជោតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំក្នុងការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ និយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ដោយវិស័យទេសចរណ៍ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង ក្នុងឆ្នាំ២០១៨ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២០លាននាក់ កើនឡើង ១០.៧% ធៀបនឹងឆ្នាំ២០១៧ បង្កើតប្រាក់ចំណូលជូនជាតិប្រមាណ ៤,៣៧៥លានដុល្លារអាមេរិក រួមចំណែកប្រមាណ ១២.៧% នៃផលិតផលក្នុង ស្រុកសរុប (GDP) បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។

លោក ថោង ខុន បានដាស់តឿនដល់កងទ័ពឱ្យខិតខំបន្តការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីការគាំទ្រពិតប្រាកដរបស់ប្រជាពលរដ្ឋ តាមរយៈការ បោះឆ្នោតដោយសម្ងាត់ សេរី ត្រឹមត្រូវ យុត្តិធម៌។

លោករដ្ឋមន្ត្រីក៏បានដាស់តឿនក្រើនរំលឹក ដល់កងទ័ពឲ្យបន្តការពារសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ។

លោកបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារវិស័យយោធា កងទ័ពគប្បីបង្កើនការសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈយោធា ដើម្បីពង្រឹងវិស័យការពារជាតិ ការពារប្រជាជន ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងលទ្ធិប្រជាធិបតេយ្យ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាតចំពោះចលនាបដិវត្តពណ៌មិនឲ្យកើតមាននៅកម្ពុជា។ លោកបានផ្ដាំផ្ញើចំពោះកងទ័ពនៃយោធភូមិភាគ៤ ត្រូវបន្តរក្សាការពារបូរណភាពទឹកដី និងការពារតំបន់បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។

ក្នុងឱកាសសួរសុខទុក្ខនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជនជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ រួមមាន៖ ថវិកាសរុបចំនួន ៥៤,៧០៥,០០០រៀល ទឹកបរិសុទ្ធ Oral ចំនួន ៥០កេស ទឹកបរិសុទ្ធ Vital ចំនួន ៧០កេស ស្រាបៀរកម្ពុជា ១០០កេស អង្ករចំនួន ៨បាវ ត្រីខកំប៉ុងចំនួន ៨កេសធំ មីយើងចំនួន ៦៤កេស ទឹកត្រី ៨០យួរ ទឹកស៊ីអ៉ីវ ៩២យួរ ប៊ីចេង ២៥គីឡូក្រាម និងអំបិល ១២០គីឡូក្រាម៕