(ត្បូងឃ្មុំ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងលោកជំទាវ សៅទី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល នៅវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកា ព្រះរតនត្រ័យសមាទានសីល បង្សុកូល និងប្រារព្ធពិធីរាប់បាតប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសល ទៅដល់បុព្វការីជន របស់សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខហើយសូម ឲ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គល និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មីឆ្នាំកុរ ព្រះនាម ទុង្សាទេវី សូមតាមជួយអភិបាលប្រោះព្រំ សាធុការពរជ័យគ្រប់ប្រការ ជូនចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់របស់សម្តេច បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ចាក់ដែលថា វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ នេះស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូល មានការរីកចំរើន យ៉ាងខ្លាំងមានសមិទ្ធផលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ខាងវិស័យព្រះពុទ្ធសាសនា អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។

នៅក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ បានប្រគេនបច្ច័យចំនួន១៥លានរៀល ដល់វត្តគីរីសុវណ្ណរាម រួមជាទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ និងបានចែកជូននូវសម្ភារៈ និងថវិកាដល់លោកយាយលោកតា ដែលបានអញ្ជើញចូលរួមផងដែរ។

ឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនាពេលដ៏ខ្លីខាងមុខនេះ សម្តេចពញាចក្រី ហេង សំរិន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមជួយថែរក្សា អភិបាល ប្រោសព្រំ និងប្រទានពរជ័យ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់ៗគ្នា ឱ្យទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ការ៕