(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាលើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានក្តីសប្បាយរីករាយ ដែលបានជួបសំណេះសំណាល និងពិសារភោជនាហារជាមួយកីឡាករ កីឡាករិនីជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាជំរុញឱ្យវិស័យកីឡាមានការវិវឌ្ឍន៍ឡើងជាមួយភាពល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងបាននាំមកនូវកិត្តិយសសម្រាប់ជាតិតាមរយៈការប្រកួតនានា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូលើវិស័យកីឡា និងអាជ្ញាកណ្តាលផងដែរ ដែលបានខិតខំធ្វើការងារលើវិស័យកីឡា។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យកីឡា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឱ្យសម្តេចជ្រើសយកខែឧសភា ឆ្នាំ២០២៣ ជាពេលសម្រាប់ប្រកួតស៊ីហ្គេមលើកទី៣២នោះ គឺដោយសារតែកំលុងខែកក្កដា ឬនៅចុងឆ្នាំជាពេលកម្ពុជាត្រូវមមាញឹកជាមួយការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាល់ពេលបោះឆ្នោតតែងមានការបង្កចលាចល និងបាតុភាពផ្សេងៗពីក្រុមអ្នកចាញ់ឆ្នោត។ ដើម្បីកុំឱ្យមានការរំខានដោយសារសកម្មភាពណាមួយក្រោយពេលបោះឆ្នោតនោះ ទើបសម្តេចសម្រេចយកការប្រកួតក្នុងខែឧសភា មុនពេលបោះឆ្នោត។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអះអាងថា ឆ្នាំ២០២៣ ជាឆ្នាំដែលផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់រួចរាល់អាចបម្រើដល់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនេះ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីមូលហេតុដែលនាំឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះកូនពៅសម្រាប់ការប្រកួតស៊ីហ្គេមនេះផងដែរ។ បើតាមសម្តេចតេជោ ការមិនទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតស៊ីហ្គេមនាឆ្នាំកន្លងមកនោះ ដោយសារតែកម្ពុជាដែលងើបពីភ្លើងសង្គ្រាមនោះ ត្រូវការថវិកាយ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ ត្រូវតែធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមឱ្យបាន ហើយប្រកបដោយកិត្តិយសថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ និងគ្រប់សហព័ន្ធទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងបណ្តុះបណ្តាលធនធានផ្នែកកីឡាឱ្យកាន់ផុលផុសដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ សម្តេចបន្ថែមថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់ស៊ីហ្គេមទេ តែក៏សម្រាប់ប្រកួតប្រជែងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើជាម្ចាស់ស៊ីហ្គេមចំណាត់ថ្នាក់ទីប៉ុន្មានមិនសំខាន់ទេ អ្វីដែលសំខាន់ គឺត្រូវរៀបចំការប្រកួតមួយឱ្យទទួលបានជោគជ័យ និងមានសុចរិតភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យក្រុមការងារថ្នាក់ជាតិចុះជួយនៅតាមមូលដ្ឋាន ក៏ដូចជាអាជ្ញានៅតាមមូលដ្ឋានជួយជំរុញសកម្មភាពកីឡានៅតាមសាលា។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមដី ត្រៀមទីតាំងសម្រាប់ការប្រកួតកីឡា ហើយតាមសាលារៀនត្រូវតែមានរៀបចំកន្លែងសម្រាប់ហ្វឹកហាត់កីឡា។

* សម្តេចតេជោ ហ៊ុន សែន ជំរុញដល់វិស័យឯកជនបន្តជួយវិនិយោគលើកន្លែងហាត់ប្រាណ។ បើតាមសម្តេចតេជោ ការហាត់ប្រាណមិនមែនចង់ឱ្យពួកគាត់ក្លាយ ជាអ្នកកីឡាអីនោះទេ តែជាការជួយឱ្យពួកគាត់ចៀសផុតពីជំងឺផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការហាត់ប្រាណបានធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពកាន់តែប្រសើរ និងចៀសផុតពីជំងឺដាស់សសៃឈាមជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកកម្ពស់ក្រុមសីលធម៌របស់អាជ្ញាកណ្តាលក្នុងកីឡាប្រដាល់ ដើម្បីឱ្យមានការកាត់សេចក្តីដោយសុក្រិតកុំឱ្យកីឡាករបាក់ទឹកចិត្ត។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ចំពោះស្ថានីយទូរទស្សន៍មួយចំនួន នៅពេលមានការប្រកួតរវាងខ្មែរ និងបរទេស បើខ្មែរវាយបរទេសមិនដួលទេ គឺខ្មែរមិនឈ្នះនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកដែរថា សម្តេចធ្លាប់បានជំរុញឱ្យមានការសើរើលើការប្រកួតរវាងកីឡាករ ឡុង សុវ៉ាន់ឌឿន និង កែវ រំចង់ រហូតនាំឱ្យមានការប្រកួតឡើងវិញ ហើយទីបំផុត កែវ រំចង់ ដែលត្រូវអាជ្ញាកណ្តាលកាត់សេចក្តីឱ្យចាញ់ជាច្រើនដង បែរជាឈ្នះពិន្ទុ ឡុង សុវ៉ាន់ឌឿន។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងពង្រឹងក្រមសីលធម៌អាជ្ញាកណ្តាល។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសព្រមានទៅតាមស្ថានីយទូរទស្សន៍មួយចំនួនត្រូវពង្រឹងការកាត់សេចក្តីរបស់ខ្លួនលើការប្រដាល់ បើមិនដូច្នោះទេសម្តេចនឹងចេញមុខរកយុត្តិធម៌លើការប្រដាល់នោះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា រយៈពេល៧ថ្ងៃ នឹងដាក់រថយន្តក្រុងសាធារណៈ ១២០គ្រឿងដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅបណ្តាខេត្ត និងពីបណ្តាខេត្ត មករាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំនោះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការណូតដឹកអ្នកដំណើរសាធារណៈ ក៏ដឹកមិនយកថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាចរាចរណ៍រវាងកញ្ញា យិន ម៉ាណា បើកបុកកញ្ញា ឌុំ រីដា ជារឿងសោកនាដកម្មដ៏ឈឺចាប់ទាំងក្រុមគ្រួសារជនរងគ្រោះ និងអ្នកបង្ក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នឹងក្លាយជាការដាស់តឿនមួយដល់អាណាព្យាបាលដទៃទៀតកុំទំយើកូន ដោយបណ្តោយឱ្យបើកបរទាំងមិនគ្រប់អាយុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកីឡាករ កីឡាការិនីទាំងអស់មិនត្រូវពាក់ព័ន្ធគ្រឿងញៀននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជួយសង្គមលើបញ្ហាចំនួន៣ រួមមាន៖ ១. ជួយអប់រំចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ២. ជួយផ្សព្វផ្សាយអប់រំ និងទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន យ៉ាងហោចណាស់កុំឱ្យមិត្តភក្តិ និងក្រុមគ្រួសារប្រើប្រាស់គ្រឿងញៀន និងចំណុចទី៣. ជួយទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១៨៖៤១នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News.៕