(​សៀមរាប)​៖​ លោកឧត្តមសេនីយ៍ឯក​ អ៉ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ការងារ​ដឹកនាំ​ផែន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ជំរុញ​អនុវត្តន៍​ វិធានការ​​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ឆក់​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩នេះ​ នៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក​ឧត្តមសេនីយ៍​ លោក​វរសេនីយ៍​ ក្រុមការងារ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​ និង​​តំណាង​អង្គភាព​ពាក់ព័ន្ធ​ លោកស្នងការ​រង​ នាយ​ នាយ​រង​ការិយាល័យ​រួម​ទាំង​មន្ត្រី​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ លោក​អធិការ​អធិការ​ង​នគរបាល​ក្រុង​/​ស្រុក​ជា​ច្រើន​អ្នកផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​ និង​រាយការណ៍​អំពី​បែបផែន​ដឹកនាំ​ក្នុង​កិច្ច​ប្រតិបត្តិការ​ការ​ចាត់តាំង​អនុវត្ត​ផែនការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ឆក់​ ប្រជាពលរដ្ឋ​ ពិសេស​ភ្ញៀវ​ទេសចរណ៍​បរទេស​ និង​លទ្ធផល​ការងារ​ ដែល​កងកម្លាំង​នគរបាល​បាន​អនុវត្ត​កន្លង​មក​ជូន​អង្គពិធី​រួច​មក​។​

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ បានក្រើនរំលឹក​ដល់​កម្លាំង​ថា ​អនុវត្តន៍​អនុសាសន៍​ស​មេ្ត​ច​​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេ​ចរណ៍​ និង​អនុវត្ត​តាម​ផែនការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ដើម្បី​ជំរុញ​ការ​ចាត់តាំង​អនុវត្ត​ផែនការ​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ឆក់​ ប្រជាពលរដ្ឋ​ ពិសេស​ភ្ញៀវ​ទេសចរណ៍​បរទេស​ សូម​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ អង្គភាព​នគរបាល​ទេសចរណ៍​ និង​កម្លាំង​នគរបាល​ចរាចរណ៍​ និង​កម្លាំង​ដែល​ពាក់ព័ន្ធ​ ដទៃ​ទៀត​ត្រូវ​រួម​កិច្ច​សហប្រតិបត្តិការ​គ្នា​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​ ដើម្បី​អនុវត្ត​ភារកិច្ច​ឲ្យ​មាន​តម្លាភាព​។​

អគ្គស្នងការរងរូបនេះ ក៏បាន​​លើក​ពី​វិធានការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ឆក់​​ឲ្យ​កងកម្លាំង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ និង​ក្ដាប់​សភាពការណ៍​រាល់​សកម្មភាព​ បទល្មើស​គ្រប់​ប្រភេទ​ ពិសេស​បទល្មើស​ លួច​ ឆក់​ ដែល​កើត​មាន​ឡើង​នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​ ដោយ​ផ្តោត​សំខាន់​​រក​ឲ្យ​ឃើញ​ឧបាយកល​ និង​ក​ល្បិច​ថ្មីៗ​ របស់​មុខសញ្ញា​លួច​ ឆក់​។

បន្ថែមពីនេះ ត្រូវ​សិក្សា​ និង​កំណត់​ភូមិសាស្ត្រ​ស្មុគស្មាញ​ដែល​មុខសញ្ញា​ តែងតែ​ប្រព្រឹត្ត​បទល្មើស​ ហើយ​មានឱកាស​ប្រមូលផ្តុំ​បក្ខពួក​រៀបចំ​ធ្វើ​សកម្មភាព​ថ្មី​ ព្រមទាំងពង្រឹង​ឡើង​វិញ​នូវ​វិធានការ​គ្រប់គ្រង​រដ្ឋបាល​មធ្យោបាយ​ត្រួតពិនិត្យ​ អាវុធ​ជាតិ​ផ្ទុះ​ ទីតាំង​ទទួល​បញ្ចាំ​ ដើម្បី​ចូលរួម​កិច្ចការ​បង្ការ​ទប់ស្កាត់​ និង​ការងារ​ស្រាវជ្រាវ​បទល្មើស​ក្នុង​នោះ​ ត្រូវ​យកចិត្តទុកដាក់​ការងារ​គ្រប់គ្រង​ការ​ស្នាក់​នៅ​បណ្តោះអាសន្ន​ អ្នក​ប្រកប​របរ​រក​ទទួលទាន​រត់​ម៉ូតូឌុប​ ម៉ូតូ​កង់​បី​ រថយន្ត​តាក់ស៊ី ដើម្បី​មាន​វិធានការ​ក្តាប់​ហ្មត់ចត់​មុខរបរ ​ដែល​ងាយ​មានការ​ទាក់ទង​នឹង​អំពើ​ចោរកម្ម​។​

លើសពីនេះ ​ត្រួតពិនិត្យ​សមាសភាព​ជនសង្ស័យ​ជា​ប្រភេទ​ក្រុម​កេ្ម​ង​ទំនើង​ ប្រើប្រាស់​យានយន្ត​មិន​ប្រក្រតី​ (​ម៉ូតូ​គ្មាន​ស្លាក​លេខ​ ឬ​ស្លាក​លេខ​ក្លែងក្លាយ​ បិទ​ស្លាក​លេខ​ ឬ​​ដោះ​ស្លាក​លេខ​ទុក​)​ យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​ ល​។​ ​ត្រូវ​កសាង​ប្រើប្រាស់​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ និង​មហាជន​ល្អ​ ដើម្បី​ទទួល​ព័ត៌មាន​បម្រើ​ការងារ​បង្ការ​បង្ក្រាប​មុខសញ្ញា​បាន​ទាន់​ពេលវេលា​។

លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានណែនាំសហការ​ជាមួយ​មូលដ្ឋាន​បំផុស​ចលនា​មហាជន​ប្រជា​ការពារ​ ភូមិ​-​ឃុំ​រួមចំណែក​លើកកម្ពស់​ការ​អនុវត្ត​ និង​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ត្រូវ​ពិនិត្យ​សើរើ​សំណុំរឿង​ដែល​បាន​ស៊ើបអង្កេត​បញ្ចប់​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​សហការ​ព​ន្លឿ​ន​ចេញ​ដីកា​ស្វែងរក​ចាប់​មុខសញ្ញា​សេសសល់​ក្នុង​ការ​បង្ក្រាប​មិន​ទាន់​អស់​។​ ជំរុញ​ការ​អនុវត្ត​នូវ​វិធានការ​គ្រប់គ្រង​មុខសញ្ញា​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​បម្រើ​ឲ្យ​ការងារ​ស៊ើបអង្កេត​បង្ក្រាប​មានគុណ​ភាព​ និង​ប្រសិទ្ធិ​ភាព​ខ្ពស់​៕