(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសប្រើប្រាស់ប្រព័ន្ធចុះវត្តមានឌីជីថល ដែលមានឈ្មោះថា Wiki Attendance ដំបូងគេបង្អស់នៅកម្ពុជា។ ឧបករណ៍នេះ ប្រើប្រាស់ ដើម្បីស្រង់វត្តមានមន្រ្តី នៅក្នុងឱកាសសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ការប្រើប្រាស់ឧបករណ៍ Wiki Attendanceនេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ STEM ដែលក្រសួងអប់រំបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងឧស្សាហកម្ម ៤.០ ដែលលើកកម្ពស់ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម។
ក្រោយពីបានប្រើប្រាស់ឧបករណ៍ Wiki Attendance នេះរួចហើយ អ្នកនាំពាក្យ បានប្រាប់អំពីចំណុចពិសេសរបស់ឧបករណ៍នេះថា បានជួយឲ្យមានការស្រង់វត្តមានបានជាក់លាក់ ឆាប់រហ័ស ដោយស្វ័យប្រវត្ត ជាមួយអ្នកប្រើប្រាស់ Smart Card។ មិនតែប៉ុណ្ណោះឧបករណ៍ Wiki Attendance បានជួយឲ្យថ្នាក់ដឹកនាំអាចឆែកមើលវត្តមាន អ្នកចូលរួមក្នុងអង្គសន្និបាទភ្លាមៗនៅក្នុងទូរស័ព្ទដៃ។
ឧបករណ៍ Wiki Attendance ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំសហការជាមួយក្រុមហ៊ុន POSCAR CAMBODIA ដែលជាក្រុមហ៊ុនក្នុងស្រុកមួយបង្កើតឡើងដោយកូនខ្មែរ ដែលមានបទពិសោធន៍ក្នុងតវិស័យអប់រំ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យាខ្ពស់។
លោក រស់ សុវាចា បានបន្ថែមទៀតថា «នៅពេលដែលក្រុមការងារបច្ចេកទេស បានពិនិត្យមើលលទ្ធផលជាក់ស្ដែង ហើយនឹងមានការប្រជុំអំពីការសម្រេចឲ្យប្រើប្រាស់នូវឧបករណ៍នេះជាអន្លើ»។
យ៉ាងណាមិញ ក្រសួងសង្ឃឹមថា ក្រសួងអប់រំ នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរនេះ នឹងមានភាពរឹងមាំ ដើម្បីចូលរួមក្នុងការធ្វើកំណែរទម្រង់ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគម្រូល្អមួយ ក្នុងការសហការរវាងក្រសួង និងក្រុមហ៊ុនឯកជន ក្នុងភាពជាដៃគូ៕