(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានក្រឿនរំលឹកដល់នាយនាវី នាយនាវីរង និងពលនាវឹក ត្រូវពង្រឹងការសាមគ្គី គោរពច្បាប់រដ្ឋ និងវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមអនុវត្តបទបញ្ជា របស់ថ្នាក់ដឹកនាំ។

ការមានប្រសាសន៍ដាស់តឿនរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងឈរជើង នៅមូលដ្ឋានសមុទ្ររាម ដោយមានវត្តមានរួមដំណើររបស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជការរង និងជាមេបញ្ជាការកងទ័ពជើងទឹកផងដែរ។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ ចពោះយោធិនទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងថែរក្សាសន្តិសុខលំហរសមុទ្រ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ភារកិច្ចការពារអធិតេយ្យ បូរណភាពទឹកដី និងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ សង្គម គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់ផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងការទទួលខុសត្រូវខ្ពស់។

នាយឧត្តមសេនីយ៍ ក៏បានបានផ្តាំផ្ញើដល់នាយនាវី នាយនារីរង និងពលនាវឹក ត្រូវខិត ខំហ្វឹកហាត់ពង្រឹងសមត្ថភាពការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ឱ្យបានល្អ ជាពិសេសការការពារបូរណភាពទឹកដី និងចូលរួមបង្រ្កាបរាល់បទល្មើសនានាលើលំហរសមុទ្រឱ្យបានខ្ជាប់ខ្ជួន។

ជំនួសមុខឱ្យនាយនាវី នាយនាវីរង និងពលនាវឹក ឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដែលតែងតែគិតគូរយកចិត្ដទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅ និងការហ្វឹកហ្វឺនរបស់កងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្ស និងប្រាក់របបផ្សេងៗ ព្រមទាំងផ្ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់អំណោយផ្សេងៗ ដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ៕