(កំពង់ចាម)៖ ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួន និងដាវ៧ដើម ម៉ូតូ២គ្រឿង នៅចំណុចភូមិប៉ុកប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

របាយការណ៍ដដែលបន្ថែមថា ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់នេះ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អុល សង អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយដំណាក់ ឃុំស្វាយមៀន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកបក្សផ្សេងទៀត បានរត់គេចខ្លួនបាន។

ក្នុងនោះ កម្លាំងនគរបាលជំនាញ ដកហូតបាន ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២១កញ្ចប់ (ធំ០១កញ្ចប់ និង តូច២០កញ្ចប់) ឧបករណ៍សេពមួ យសម្រាប់ ដាវ០៧ដើម និងម៉ូតូ០២គ្រឿង៕