(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅ ទាំងសាធារណៈ និងឯកជន ជិត១ម៉ឺន៥ពាន់កន្លែង។

ពិធីបើកសន្និបាត នាព្រឹកនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ សន្និបាតនេះ រៀបចំធ្វើឡើង រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលទ្ធផល នៅទូទាំងប្រទេស យើងមានសាលាមត្តេយ្យសិក្សា និងសាលារៀន ចំណេះទូទៅទាំង សាធារណៈ និងឯកជន សរុប១៤,៥២២ រួមមាន៖ សាលាមត្តេយ្យសិក្សា ៤,៨១០ សាលាបឋមសិក្សា ៧,៧១៦ អនុវិទ្យាល័យ ១,៣២៤ និងវិទ្យាល័យ ៦៧២»

រដ្ឋមន្ដ្រីក្រសួងអប់រំ បានបន្ថែមទៀតថា គិតមកដល់ខែកញ្ញា ឆ្នាំ២០១៨ សំណង់អគារសិក្សា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប ចំនួន៤,៣១០ខ្នង ស្មើ២៦,៥៣៨បន្ទប់។

លោករដ្ឋមន្ដ្រី បន្ដថា តាមរយៈការធ្វើយុទ្ធនាការ ប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេស សិស្សនារីជាដើម បានបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការអប់រំ។

បច្ចុប្បន្ន កុមារអាយុ៥ឆ្នាំ បានចូលរៀននៅមត្តេយ្យសិក្សាគ្រប់រូបភាព ៦៣.១ភាគរយ កុមារី៦៣.៦ភាគរយ។ អត្រាពិតនៃការសិក្សា នៅបឋមសិក្សាសាធារណៈ និងឯកជនមាន ៩៨,០ ភាគរយ (ស្រី៩៨.៥ ភាគរយ) ស្ថិតក្នុងស្តង់ដា និងក្នុងកម្រិតប្រហាក់ប្រហែល ប្រទេសក្នុងតំបន់។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន។

សូមបញ្ជាក់ថា សិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា មានចំនួន៣,៥៦៧,១០៥នាក់ ស្រី១,៧៦៦,៣៧៩នាក់ ស្មើនឹង៤៩.៥ ភាគរយ។ គ្រឹះស្ថានឧត្តមសិក្សា ទូទាំងប្រទេសមាន ១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៧៧។ និស្សិតកំពុងសិក្សា នៅឧត្តមសិក្សាមាន ២១១,៤៨៤នាក់ ស្រី ៩៨,៦៣០នាក់ ស្មើ៤៦.៦៣ភាគរយ ក្នុងនោះ និស្សិតបរទេសអាហារូបករណ៍១៥៨នាក់ ស្រី៦០នាក់ ស្មើ ៣៧.៩៧ភាគរយ។

បុគ្គលិកអប់រំសរុប នៅទូទាំងប្រទេសមាន៖ ១២០,២៩៩ នាក់ ស្រី៥៤,៩៥៨នាក់ (ត្រូវជា៤៥.៧ភាគរយ) ក្នុងនោះ ថ្នាក់ជាតិ៣,៤១៦នាក់ ស្រី៩៣៩នាក់ (ត្រូវជា២៧.៥ភាគរយ) និងថ្នាក់ក្រោមជាតិ ១១៦,៨៨៣នាក់, ស្រី ៥៤,០១៩នាក់ (ត្រូវជា៤៦.២ភាគរយ)៕