(កណ្តាល)៖ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្ត ជូនជាតិបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។

លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានថ្លែងដូចនេះក្នុងឱកាស ដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តទួលច្រឡាំង សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទសិស្សានុសិស្សនៅក្នុងឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលចំនួន១៥០០នាក់ព្រឹកថ្ងៃទី២៥ ខែមីនា។

លោក ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំរលាំងកែន បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បានទទួលអសនៈ១២៣កៅអី ក្នុងអណត្តិទី៦ នៃរាជរដ្ឋាភិបាលបានដឹកនាំប្រទេសរហូតដល់សព្វថ្ងៃ។

ឯកឧត្ដម ហ៊ីង ប៊ុនហៀង បានបន្តថា សមិទ្ធផលនានាដែលមាននិងកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជាពិត បានមកដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាព និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងដើរលើផ្លូវត្រូវស្របពេលប្រទេស មានសុខសន្តិភាពសុវត្ថិភាពស្ថិរភាពនយោបាយ មានអ្នកវិនិយោគិនបរទេសមកបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោនយោបាយសេដ្ឋកិច្ច ហ៊ុន សែន ណូមិក បានធ្វើឲ្យប្រទេសកម្ពុជា ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ហើយកំពុងអភិវឌ្ឍឈាន ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានផ្ដាំផ្ញើរដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដីមេឃុំភូមិក្នុងមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំដើម្បីឱ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលានៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។

ក្នុងពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ប្រទេសយើងខ្វះទឹកសំណូមពរដល់អាជ្ញាធរ ត្រូវសហការជាមួយក្រុមការងារចុះពិនិត្យលទ្ធភាពស្តារប្រឡាយ និងជីកស្រះដើម្បីផ្គត់ផ្គង់ទឹក សម្រាប់ទុកឱ្យ ជូនប្រជាពលរដ្ឋប្រើប្រាស់។ បន្តធ្វើអំពើល្អបំរើសេវាសាធារណៈ សេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អ បន្តអនុវត្តន៍គោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានល្អនិងដោយស្មោះត្រង់បន្តការអភិវឌ្ឍមូលដ្ឋាន។

ជាពិសេសត្រូវអនុវត្តន៍អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យបាននូវអភិក្រមទាំង៥ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ ក្នុងឱកាសនោះដែរលោក កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានប្រគេនសម្ភារវត្តមានអង្ករ២០០គីឡូក្រាម ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស មី១០កេស ត្រីខ១កេស ទឹកដោះគោ១កេស ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ប៊ីចេង៥គក្រ និងបច្ចយ័៥០លានរៀល ព្រមទាំងឧបត្ថម្ភថវិកាជូនយាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច៣ប្រភេទផងដែរ៕