(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងថា នៅសប្តាហ៍មុននេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាបញ្ចេញថវិកា១៥លានដុល្លារអាមេរិក ដើម្បីទិញរថពាសដែកបំពាក់ជូនកងទ័ពរបស់ខ្លួន ដែលកំពុងបម្រើការងារការពារសន្តិភាព នៅប្រទេសម៉ាលី ក្រោមឆ័តអង្គការសហប្រជាជាតិ (UN)។

សម្តេតេជោ ហ៊ុន សែន បញ្ជាក់ថា តាមពិតកាតព្វកិច្ចនៃការបំពាក់អាវុធ សម្រាប់កងទ័ពកម្ពុជា នៅប្រទេសម៉ាលី រាជរដ្ឋាភិបាលស្នើឲ្យ UN ជាអ្នកទទួលខុសត្រូវ ប៉ុន្តែដោយសារតែ UN កំពុងជួបវិបត្តិថវិកានោះទើប រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញលុយ១៥លានដុល្លារ ដើម្បីបំពាក់រថពាសដែក ដល់កងទ័ពកម្ពុជាដែលកំពុងមានតម្រូវការ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេចញ្ជើញចែកសញ្ញាបត្រដល់និស្សិត PPIU ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «អាទិត្យមុននេះ យើងបានចុះហត្ថលេខាបញ្ចេញប្រាក់១៥លានដុល្លារ ព្រោះអង្គការសហប្រជាជាតិតម្រូវការឲ្យបំពាក់ មធ្យោបាយដោយជារថពាសដែក ទៅកាន់ប្រទេសម៉ាលី ពីមុនកម្ពុជាសុំស្នើឲ្យអង្គការសហប្រជាជាតិ អ្នកដោះស្រាយ ប៉ុន្តែឥឡូវនេះអង្គការសហប្រជាជាតិកំពុងជួបវិបត្តិថវិកា អីចឹងបន្ទុកនេះ យើងមិនដកកងទ័ពរបស់យើងចេញ ដោយខ្វះការទទួលខុសត្រូវទេ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើងដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន អីចឹងបានចុះហត្ថលេខាដើម្បីបញ្ចេញថវិកា សម្រាប់ការទិញរថពាសដែកបញ្ជូនទៅប្រទេសម៉ាលី មិនមែនត្រឹមតែការដោះស្រាយក្នុងស្រុងទេ»

សម្តេចតេជោបានថ្លែងទៀតថា កងទ័ពមួកខៀវរបស់កម្ពុជា ដែលចូលរួមថែរក្សាសន្តិភាព ក្រោមឆ័ត្រ UN នៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាប្រតិបត្តិការប៉ុណ្ណោះទេ គឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាននានារបស់អង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ឥឡូវយើងកំពុងបញ្ច្រាបមន្ត្រីយោធារបស់យើង ទៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ មិនមែនគ្រាន់តែជាអ្នកប្រតិបត្តិការទេ ប៉ុន្តែយើងទៅនៅក្នុងទីបញ្ជាការ ក្នុងឋានៈជាសេនាធិការ ឬក្នុងឋានៈជាថ្នាក់ដឹកនាំនៅទីកន្លែងនោះ បន្ទាប់ពីសោគនាថកម្ម ដែលបានកើតឡើងលើទាហានរបស់យើង នៅឯអាហ្វ្រិកកណ្តាល។ ខ្ញុំបានស្នើសុំថា សុំឲ្យពង្រឹងសមត្ថភាពរបស់សេនាធិការ និងមេបញ្ជាការរបស់អង្គការសហប្រជាជាតិ នៅតាមកន្លែងនានា ព្រោះការរៀបចំកន្លែងខ្លះ វាចាញ់ប្រៀបគេ [សត្រូវ] ដែលនេះមិនមែនមកពីសមត្ថភាពរបស់ទាហានរបស់យើងទេ នេះគឺមកពីសមត្ថភាពរបស់សេនាធិការ អង្គការសហប្រជាជាតិតែម្តង»

សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា នៅពេលខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចេញទៅប្រជុំនៅអង្គការសហប្រជាជាតិ ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដែលបានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព។

សម្តេចបន្ថែមថា ការបញ្ជូនទាហានមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ បង្ហាញឱ្យឃើញថា កម្ពុជាបានចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលមិនត្រឹមតែដោះស្រាយបញ្ហាខ្លួនឯងទេ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មកដល់ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណជាង៥៧៨៣នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន២៧៧នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនប្រមាណ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋ, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ ក្នុងតំបន់អាស៊ាន៕