(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការ ប្រជាពលរដ្ឋ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាព ក្រុងប៉ោយប៉ែត ឱ្យស័ក្តិសមជាតំបន់ពាណិជ្ជកម្ម ឧស្សហកម្ម សេដ្ឋកិច្ចនៅព្រំដែន ក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី) ឯ.ក ដែលមានលោកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធាន បានបោះទុនវិនិយោគរាប់លានដុល្លារ លើគម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ដែលមានផ្ទៃដីប្រមាណ៧០ហិចតា នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ចំកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។

ដោយមើលឃើញថា នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យសំណង់លំនៅឋាន ដែលកំពុងតែមានកំណើនតម្រូវការខ្ពស់ ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ក៏មានសាងសង់នូវភូមិគ្រឹះទោល ភូមិគ្រឹះភ្លោះ ភូមិគ្រឹះកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម ក្លឹបហាត់ប្រាណ អាងហែលទឹក អគារសន្និបាត និងកាស៊ីណូ ដែលអមដោយសួនច្បារធំទូលាយ ប្រកបដោយផាសុកភាព និងមានការបំពាក់ដោយឧបករណ៍គ្រឿងបរិក្ខារ ដែលមានគុណភាពខ្ពស់ និងទំនើបៗស្តង់ដារអន្តរជាតិ។

សំណង់ថ្មីនេះនឹងឆ្លើយតបនូវតម្រូវការលំនៅដ្ឋានប្រណីតស៊ីវិល័យ និងតម្រូវការសំណង់អគារសម្រាប់ធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧកញ៉ា ឡាយ ប៊ុនប៉ា បានប្តេជ្ញាចិត្តថា នឹងខិតខំផ្តល់ជូនអតិថិជនទាំងអស់ នូវការរស់នៅបែបទាន់សម័យ ប្រកបដោយភាពថ្លៃថ្នូរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជាមួយនឹងសន្តិសុខយាម ពេញ២៤ម៉ោងលើ២៤ម៉ោង។ លោកឧកញ៉ា ក៏បានបញ្ជាក់ផងដែរថា លោកនឹងខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុន តូតាល់ ហូមអ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ក្លាយជាអ្នកអភិវឌ្ឍន៍នាំមុខគេ ទាំងគុណភាព និងគុណតម្លៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន ជាពាណិជ្ជករម្នាក់ ដែលទទួលជោគជ័យជាច្រើនក្នុងប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយ លើវិស័យផ្សេងៗរួមមាន វិស័យអចលនវត្ថុ វិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម អាជីវកម្មផ្សារ ។ល។ នៅក្នុងវិស័យសំណង់នេះផងដែរ លោកឧកញ៉ា បានសាងសង់គម្រោងលំនៅដ្ឋានចំនួន ០៤គម្រោងរួចមកហើយ នៅក្នុងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយទទួលបានការជឿទុកចិត្តពីអតិថិជន ទៅលើគុណភាពសំណង់ ដែលមានគុណភាពខ្ពស់ មានសោភ័ណភាព និងតម្លៃសមរម្យ៕