(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានសម្តែងការហួសចិត្ត ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ដែលបង្ក្រាបអ្នកបើករថយន្ត ដែលឈានរហូតដល់ការបាញ់សម្លាប់មនុស្ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបាញ់អ្នកបើករថយន្តនោះ គឺជាកូនប្រុសនគរបាលជាន់ខ្ពស់មួយរូប ហើយសម្តេចបញ្ជាឲ្យនគរបាលរូបនោះ នាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះ មកដោះស្រាយតាមច្បាប់ជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវអស់តំណែងផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេចញ្ជើញចែកសញ្ញាបត្រដល់និស្សិត PPIU ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយគ្រួសារសពអ្នកបើករថយន្ត ដែលគេចោទថាជាចោរលួចឡាន។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យចាប់បានម្នាក់ហើយ នៅសល់ម្នាក់ទៀត។ បើទោះបីវាជាចោរមែនក៏ដោយ ប៉ុន្តែនៅពេលយើងតាមវាជាប់ហើយ ត្រូវចាប់វា អត់ត្រូវបាញ់អីចឹងទេ តែនេះហេតុអីបានជាធ្វើដល់ថ្នាក់បែបហ្នឹង ខ្ញុំមិនយល់ទេ ហេតុអីបានវាទៅអីចឹង។ ឥឡូវចាប់បានមួយហើយ នៅសល់មួយទៀត រឿងអស់នេះត្រូវប្រយ័ត្នប្រយែង ប្រតិបត្តិការកាត់សេចក្តីដោយអាវុធមិនមែនជាជម្រើសល្អទេ»

សម្តេចតេជោថ្លែងទៀតថា «តាមដឹងអ្នកដែលបាញ់នោះ គឺជាកូនមេប៉ូលិសទៀតផង ហើយមេប៉ូលិសនោះ ត្រូវតែតាមរកប៉ូលិសដែលបាញ់នោះឲ្យឃើញ បើមិនអីចឹងទេ ទៅទាំងមេប៉ូលិសនេះ (ដកតំណែង)»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអយុត្តិធម៌មួយចំនួននៅក្នុងសង្គម មិនគួរកើតបែរជាបណ្តោយឲ្យកើតមានទៅកើត ដូចជាករណីបាញ់សម្លាប់ក្រុមជនសង្ស័យលួច រថយន្តនៅឯខេត្តព្រៃវែងជាដើម។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្ត ចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹង មកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។

ផ្តើមចេញពីករណីនេះ ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញរហូតយករថយន្តមួយគ្រឿងទៅពាំង ហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។ មន្រ្តីនគរបាលដែលរងការចោទថា បានបាញ់ទៅលើអ្នកបើករថយន្តទាំង២នាក់នោះ មានឈ្មោះ ជឹម រតនៈ ត្រូវបានគេដឹងថា ជាកូនប្រុសលោកឧកញ៉ា ជឹម សុខ ល្បីខាងរកស៊ីទិញ និងលក់គោ ក្របីមួយរូបនៅខេត្តព្រៃវែង។

បន្ទាប់ពីមានករណីនេះកើតឡើង និងរហូតមកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News បានទទួលព័ត៌មានថា ករណីនេះមិនបានកើតឡើងដូចសមត្ថកិច្ចលើកឡើងនោះទេ។ តាមសេចក្តីរាយការណ៍នានា បានបង្ហាញថា
មូលហេតុមកពីជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិន ធ្វើឲ្យអ្នកទិញខឹង រហូតបានស្កាត់ទៅយករថយន្តពីជនជាតិចិនទាំងទទឹងទិស រួចបើកគេចមកស្រុកកំណើត។
ស្រាប់តែម្ចាស់ដើមស្រាវជ្រាវតាម GPS ដេញពីក្រោយ ប្ដឹងសមត្ថកិច្ច ថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថាចោរលួចរថយន្តដូចពាក្យបណ្ដឹង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។ មន្រ្តីនគរបាលដែលបាញ់ជនរងគ្រោះនោះមានឈ្មោះ ជឹម រតនៈ មានតួនាទីគ្រាន់បើនៅអធិការដ្ឋានស្រុកព្រះស្ដេច។

តាមដំណើររឿង ឈ្មោះ ម៉ន រ៉ាវុធ និងឈ្មោះ វ៉ាន ខេមរិន មិនមែនជាចោរលួចរថយន្តទេ គឺរថយន្តនោះទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣,០០០ដុល្លារទៀត។ នៅមុនពេលកើតហេតុ ជនរងគ្រោះដែលត្រូវគេបាញ់ស្លាប់ បានទិញរថយន្តនេះ
ដោយបង់រំលោះនៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្ន ជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះឲ្យទៅជនជាតិចិនសម្រាប់ជិះ។

ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួនត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន ទើបខ្លួនស្កាត់ទៅយករថយន្តនោះពីជនជាតិចិន រួចបើកពីភ្នំពេញរត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន។ ទន្ទឹមនិងនោះឈ្មោះ ផាន់ សុឌី គិតថា ទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយករថយន្តពីអតិថិជនអ្នកជួលបែបនោះទៀត និងមានបំណងគេច ទើបខ្លួនស្រាវជ្រាវតាម GPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តតែម្តង រហូតកម្លាំងសមត្ថកិច្ចព្រោងព្រាតចេញប្រតិបត្តិការបង្ក្រាបបែបនេះ។

ក្នុងប្រតិបត្តិការបណ្តាលឲ្យផ្ទុះអាវុធ៥គ្រាប់នោះ បានបណ្តាលឲ្យស្លាប់អ្នកបើករថយន្តម្នាក់ និងអ្នករួមដំណើរម្នាក់រងរបួស ខណៈនគរបាលម្នាក់ត្រូវចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន៕