(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយ ស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីវត្តអារាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស។

លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ និងឆ្លងសមទ្ធិផលនានាក្នុងវត្តសាមគ្គីមុន្នីរតន៍ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះមានប្រជាពលរដ្ឋ ចូលរួមប្រមាណ១,០០០នាក់ផងដែរ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងបន្តថា សូមពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាពនេះឱ្យរស់ស្ថិតស្ថេរគង់វង្ស ដោយមិនឱ្យមានអ្នកណាមួយ មកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាកបំផុត ដែលជាការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំ មិនចង់បានអ្វីក្រៅពីឃើញពលរដ្ឋរស់នៅមានជីវភាពសមរម្យ ប្រទេសជាតិមាន សុខសន្តិភាព វឌ្ឍនភាព នោះឡើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿន ហើយខេត្តស្វាយរៀង និងមានផ្លូវល្បឿនលឿន និងបង្ហាញរូបរាងនាពេលឆាប់ៗខាងមុខនេះដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេឲ្យមានការរីកចំរើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ជាង៣លាននាក់ ហើយបានរំដោះប្រទេស ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាមប្រមាណជាង ៤,០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា។ លោកក៏បានជម្រុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យ ដោយនៅក្នុងមូលដ្ឋានមិនត្រូវឱ្យមានបងតូច បងធំ ចោលួចចោប្លន់ គ្រឿងញៀន ជួញដូរមនុស្សខុសច្បាប់ជាដាច់ខាត។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានការបំពាក់គ្រឿងឥស្សរយស ដល់សប្បុរសជន និងចែកអំណោយជូនដល់យាយជី តាជី និងប្រគេនបច្ច័យដល់វត្តសាមគ្គីមុន្នីរតន៍ នូវថវិកាចំនួន២លានរៀលផងដែរ៕