(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានចាត់ទុកថា ការចោទប្រកាន់មកលើរូបលោកពីសំណាងក្រុមរបស់លោក សម រង្ស៉ី ថា លក់ឧត្តមគតិឱ្យគណបក្សប្រជាជនកម្ពុជា កន្លងទៅនេះគឺជារឿងលាបពណ៌សុទ្ធសាធ ដែលបង្កឱ្យមានការឈឺចាប់នៅក្នុងសង្គម។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រុមប្រឆាំងរូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីពន្យល់ និងបកស្រាយចំពោះការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក រួមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូបផ្សេងទៀត។

លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងយ៉ាងដូច្នេះថា៖ «វាជារឿងលាបពណ៌ ដែលខ្ញុំធ្លាប់បានបញ្ជាក់ប្រាប់តាមសារព័ត៌មានមួយចំនួនថា ការលាបពណ៌នេះ មិនមានអ្វីចំណេញដល់សង្គមជាតិយើងទេ ក្រៅពីបញ្ចូលការឈឺចាប់នៅក្នុងសង្គម ធ្វើឱ្យមានការបាក់បែក នៅក្នុងសង្គម។ សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ អត់មានពាក់ព័ន្ធនឹងរឿងទិញដូរអ្វីទាំងអស់ ហើយការលាបពណ៌ទាំងអស់នេះ ខ្ញុំសូមបំភ្លឺឡើងវិញថា សុំឱ្យបញ្ឈប់»

ប្រតិកម្មបកស្រាយរបស់ លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានវាយប្រហារប្រមាថមើលងាយជាបន្តបន្ទាប់ពីទៅលើ អតីតថ្នាក់ដឹកនាំមួយចំនួន ក្នុងចំណោមអតីតថ្នាក់ដឹកនាំ CNRP ជាប់បម្រាមនយោបាយ១១៨រូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយចាត់ទុកថា ជាការលក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។

លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះកុំប្រញ៉ាប់ទៅលក់ឧត្តមគតិរបស់ខ្លួនឲ្យទៅ ហ៊ុន សែន ឆាប់ពេក»

ក្រុមប្រឆាំងបានបង្ហោះ Facebook ចោទប្រកាន់ថា អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានថវិកាប្រមាណ១០ ទៅ២០ម៉ឺនដុល្លារ ហើយបើអ្នកនោះទាក់ទាញមនុស្សទៅសុំសិទ្ធិបានទៀត នឹងទទួលបាន ២ ទៅ៣ម៉ឺនដុល្លារថែមទៀត។

លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកថា ការចោទប្រកាន់ និងលាបពណ៌បែបនេះ គឺជារឿងអយុត្តិធម៌បំផុត សម្រាប់ក្រុមរបស់លោក។ លោកបញ្ជាក់ថា ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក គឺអត់មានការទិញដូរនោះទេ ហើយក៏អត់មានអ្នកជំរុញ ឬអ្នកលើកទឹកចិត្តទេ វាជាឆន្ទៈរបស់លោក និងអ្នកទាំង៤នាក់ ដែលចង់ធ្វើ។

សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេ បានដាក់ពាក្យស្នើសុំសិទ្ធិទៅកាន់ក្រសួងមហាផ្ទៃ។

គិតរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ផងដែរ៕