(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងសហការីរបស់លោក ចំនួន៤រូបទៀត បានសន្និសីទកាសែតមួយ នៅក្នុងសណ្ឋាគារសាន់វេ (Sunway) ពាក់ព័ន្ធនឹងការទទួលយកសិទ្ធិធ្វើនយោបាយ។

សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ៤រូបផ្សេងទៀត ក្នុងចំណោមជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ១១៨រូប ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីពួកគេ បានស្នើសុំសិទ្ធិធ្វើនយោបាយ ទៅកាន់ក្រសួងមហាផ្ទៃ។

លោក អ៊ូ ច័ន្ទរ័ត្ន និង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូប ដែលក្នុងនោះមាន លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

គិតរហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។ អតីតថ្នាក់ដឹកនាំ អតីត CNRP ទាំង៩នោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ផងដែរ៕