(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានរបូតឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC U23 Championship 2020 នៅប្រទេសថៃទៅហើយ បន្ទាប់ពីបន្ដបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង U23 សាធារណៈរដ្ឋកូរ៉េ ដោយលទ្ធផល ៦-១ ក្នុងប្រកួតទី២ ប្រចាំពូល H មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្រុម U23 កម្ពុជា មិនអាចយកឈ្នះក្រុមខ្លាំង U23 សាធារណៈរដ្ឋកូរ៉េបានឡើយ ដោយតង់ទី១ ក្រុមភ្ញៀវបានទម្លាយសំណាញ់ចំនួន ២គ្រាប់ បន្ទាប់មកទើបបន្ថែម ៤គ្រាប់ទៀត នៅតង់ទី២ ដែលធ្វើឲ្យក្រុម U23 សាធារណៈរដ្ឋកូរ៉េ បន្ដឈរកំពូលតារាង តែមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U23 អូស្ដ្រាលី ដែលបានយកឈ្នះក្រុម U23 ឆាយនីសតៃប៉ិ ៦-០ កាលពីល្ងាចមិញ ។ ចំពោះ ១គ្រាប់វាយបករបស់កម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ណារ៉ុង កក្កដា ។

ដោយឡែកក្រុម U23 កម្ពុជា បានអស់ឱកាសឡើងវគ្គបន្ដទៅហើយ ត្បិតនៅសល់ ១ប្រកួតក្នុងដៃ ដែលគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីជើងក្រុមខ្លាំងៗ គឺចាញ់ក្រុម U23 អូស្ដ្រាលី ៦-០ និងចាញ់ក្រុម U23 សាធារណៈរដ្ឋកូរ៉េ ៦-១ មុននេះ ។ ចំពោះប្រកួតចុងក្រោយ ក្រុម U23 កម្ពុជា ត្រូវជួបឆាយនីសតៃប៉ិ នារាត្រីថ្ងៃទី២៦ ខែមីនាខាងមុខ ហើយនៅថ្ងៃជាមួយគ្នា កូរ៉េ និងអូស្ដ្រាលី ក៏ត្រូវប៉ះគ្នា ដើម្បីប្រជែងកៅអីកំពូលតារាងផងដែរ៕