(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លោក កែវ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧត្ដមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីជួបជុំក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យចូលរួម ១៥០នាក់។

ក្នុងឱកាសនោះលោក ឡាយ គឹមលី និងលោក កៅ ថាច បាននាំនូវការផ្ដាំសួរសុខទុក្ខ និងកោតសរសើពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលតែងតែយកចិត្តទុក្ខដាក់ និងកោតសរសើរក្មួយៗទាំងអស់ដែលបានខិតខំ រៀនសូត្រទទួលបានចំណេះដឹង ក្លាយជាធនធានមនុស្សដែលជាគុណប្រយោជន៍ផ្ទាល់ខ្លួន និងមហាគ្រួសារអ្នកបន្ទាយមានជ័យ ទាំងមូលនិងសង្គមជាតិផង។

លោក ឡាយ គឹមលី និងលោក កៅ ថាច បានថ្លែងបន្តទៀតថា ជាមោទនភាពណាស់ក្មួយទាំងអស់ ដែលបានឆក់យកឱកាសមាសពីសុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំរៀនសូត្រមានជំនាញច្បាស់លាស់ ដើរទាន់ទីផ្សារការងារ ចៀសផុតពីអំពើអបាយមុខគ្រប់ប្រភេទពិសេសមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ទទួលបានការស្រលាញ់រាប់អានពីប្រជាពលរដ្ឋក្នុងសហគមន៍ដែលស្នាក់នៅ ជួយលើកមុខមាត់ក្រុមគ្រួសារ និងមុខមាត់របស់ខេត្តបន្ទាយមានជ័យទាំងមូល។

ជាមួយគ្នានេះ លោកបានថ្លែងប្រកបដោយមោទនថា ក្មួយជាតំណាងឲ្យកិត្តិយសមុខមាត់របស់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដូចនេះសូមក្មួយៗជួយផ្សព្វផ្សាយពី សន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដល់សហគមន៍ជាតិ -អន្តរជាតិ៕