(សៀមរាប)៖ អ្នកលេងបណ្តាញសង្គម Facebook ម្នាក់នៅខេត្តសៀមរាប ដែលសមត្ថកិច្ចប្រាប់ថា ជាតារាបង្ហាញម៉ូដផងនោះ ត្រូវបាននគរបាលហៅមកសួរនាំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុគ្គលរូបនេះ បានសរសេរពាក្យប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមមួយនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅក្នុងប្រទេស។

Account Facebook ឈ្មោះ «Ong sonAn» បានសរសេរពាក្យប្រមាថ «ឆ្កែ» នៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួចយកទៅបង្ហោះជាសាធារណៈ នាំឲ្យមានប្រតិកម្មភ្លុកទឹកភ្លុកដីពីមហាជន រហូតមានអ្នកចេញមុខដាក់ពាក្យប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង។

យ៉ាងណាក៏ដោយ ករណីនេះកម្លាំងនគរបាលខេត្តសៀមរាប​ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ខណៈម្ចាស់ Account Facebook អះអាងថា Facebook របស់ខ្លួនត្រូវបានគេ hack យកទៅប្រើប្រាស់។

ជាមួយនឹងការបង្ហោះពាក្យប្រមាថខាងលើនេះ ស្រាប់តែមានតែលោក ហ៊ាង គីមស្រេង អ្នកវិភាគយោបាយ និងជាអ្នកឃ្លាំមើលការអនុវត្តព្រឹត្តិការណ៍សង្គម មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្តឹងទៅកាន់លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលលោកបានចាត់ទុកថា ការបង្ហោះ និងសរសេរពាក្យប្រមាថបែបនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយលនាមជាតិ និងប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត។

ជាមួយគ្នានេះលោក ហ៊ាង គីមស្រេង សូមធ្វើការស្នើសុំលោករាជអាជ្ញា ដែលជាម្ចាស់បណ្តឹងអាជ្ញាជួយបើកការស៊ើបអង្កេតវែកមុខអញ្ញាតជនដែលមាន Account facebook ឈ្មោះ Ong sonAn ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា ម្ចាស់ Account Facebook Ong sonAn ពិតជាត្រូវបានសមត្ថកិច្ចរបស់លោក បានធ្វើការហៅមកសួរនាំមែន ប៉ុន្តែគាត់បានប្រាប់ថា Facebook របស់ខ្លួនត្រូវបានគេ Hack។ តែទោះជាយ៉ាណា សម្រាប់ជនម្នាក់នេះ សមត្ថកិច្ចនៅបន្តឲ្យសម្រាកនៅស្នងការដ្ឋាននគរបាលខេត្តនៅឡើយ និងបានធ្វើការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិដែលជាសមត្ថកិច្ចជំនាញ។

លោកឧត្តមសេនីយ៍ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានប្រាប់ផងដែរថា ករណីនេះសមត្ថកិច្ចរបស់លោក ក៏កំពុងធ្វើការស្រាវជ្រាវបន្តទៀត ខណៈម្ចាស់ Account Facebook រូបនេះបានប្រាប់ថា ត្រូវគេលួចយកទៅប្រើប្រាស់។

បើតាមលោកឧត្តមសេនីយ៍ រៀល សុភា សម្រាប់បុគ្គលម្នាក់នេះ ដូចជាតារាបង្ហាញម៉ូដ៕