(ភ្នំពេញ)៖ ការប្រកួតទី២ ក្នុងវគ្គជម្រុះនៃពូល H ពានរង្វាន់ AFC U23 Championship 2020 រវាងក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា និងក្រុមខ្លាំង U23 សាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមការប្រកួត ហេីយនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុម U23 កម្ពុជា ដោយត្រូវការឈ្នះដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម U23 អូស្ដ្រាលី ៦-០ កាលពីថ្ងៃសុក្រកន្លងទៅ ។ ប៉ុន្ដែកម្ពុជា ក៏ត្រូវធ្វើការធ្ងន់ផងដែរ ដោយសារកូរ៉េ គឺជាក្រុមខ្លាំងមួយក្នុងទ្វីបអាស៊ី ស្របពេលពួកគេ ទើបតែបានបំបាក់ក្រុម U23 ឆាយនីសតៃប៉ិ ៨-០ កាលពីថ្មីៗ ។

ដោយឡែកក្រុមរហស្សនាមកង់ហ្គូរូ U23 អូស្ដ្រាលីពេលនេះ ពួកគេបានទទួល ៣ពិន្ទុបន្ថែម ដើម្បីឡើងឈរកំពូលតារាងពិន្ទុពូល H បណ្ដោះអាសន្នហើយ បន្ទាប់ពីយកឈ្នះក្រុម U23 ឆាយនីសតៃប៉ិ ដោយលទ្ធផល ៦-០​ ក្នុងប្រកួតទី២ របស់ខ្លួន នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នាថ្ងៃអាទិត្យនេះ៕