(ព្រៃវែង)៖ ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៥០០នាក់ មកពីភូមិចំនួន០៨ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៤ ខែមីនា លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាគាំទ្ររបបប្រជាធិបតេយ្យប្រាកដនិយម ប្រកបដោយសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។

លោក ព្រុំ សុខា បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍភូមិ-ឃុំ ឱ្យមានការរីកចម្រើនជាលំដាប់ រួមចំណែកយ៉ាងសកម្មគាំទ្រដល់ជោគជ័យ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកប្រធានក្រុមការងារស្រុកបាភ្នំ បានគូសបញ្ជាក់ច្បាស់ថា សង្គមជាតិយើងមានការវិវឌ្ឍប្រែប្រួលរីកចម្រើន ឆាប់រហ័សលើគ្រប់វិស័យដូចសព្វថ្ងៃនេះ គឺអាស្រ័យដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពពិតប្រាកដ ពិសេសសិទ្ធិក្នុងការជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោត ដើម្បីរួមចំណែកដល់ការកសាងស្ថាប័នប្រជាធិបតេយ្យក្នុងក្របខណ្ឌនីតិរដ្ឋ ស្របតាមស្ថានភាព និងតថភាពជាក់ស្តែងរបស់កម្ពុជា។

និយាយរួម បន្ទាប់ពីបានផ្តួលរំលំរបបប្រល័យពូជសាសន៍ និងបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅ គណបក្សប្រជាជនកម្ពុជាបានធ្វើជាស្នូលនៃកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់ក្នុងសង្គម ខិតខំពុះពារជម្នះបានរាល់ឧបសគ្គ ការលំបាកសាកល្បង ដើម្បីជំរុញដំណើរជាតិកម្ពុជាលើមាគ៌ាប្រជាធិបតេយ្យ ឆ្ពោះទៅកាន់អនាគតពោពេញដោយមោទនភាព និងក្តីសង្ឃឹម។

ឆ្លងតាមនោះ មេរៀនពិសោធន៍ក្នុងពេលកន្លងទៅ បានបង្ហាញឱ្យយើងឃើញច្បាស់ថា យើងមិនអាចកសាងអភិវឌ្ឍសង្គមប្រជាធិបតេយ្យមួយបានទេ ប្រសិនជាប្រទេសជាតិធ្លាក់ទៅក្នុងមហន្តរាយនៃភាពវឹកវរ ចលាចលរហូតបង្កជាសង្គ្រាមផ្ទៃក្នុងនោះ។ ហេតុនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវបន្តរក្សាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលមាតុភូមិ និងប្រជាជនយើងដណ្តើមបានមកវិញយ៉ាងលំបាកបំផុត ពោរពេញដោយពលីកម្មដ៏ធំធេងមិនអាចគណនាបាន ហើយត្រូវជៀសវាងឱ្យបាននូវស្ថានភាពស្កប់ស្កល់ សន្តិភាពនិយម ភ្លេចខ្លួនទុក ឱកាសឱ្យមជ្ឈដ្ឋានអមិត្តអូសទាញ បោកប្រាស់ឱ្យលង់ក្នុងសង្គ្រាមចិត្តសាស្ត្រនៃរបស់ដែលហៅថា «ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា»។

ចំពោះបញ្ហានេះ លោកប្រធានក្រុមការងារបានគូសបញ្ជាក់សង្កត់ធ្ងន់ថា៖ «លទ្ធិប្រជាធិបតេយ្យដែលគ្មានភាពប្រាកដនិយម ដែលមិនផ្សារភ្ជាប់ជាមួយនឹងនីតិរដ្ឋ និងដែលមិនស្របជាមួយស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះ គឺវាគ្រាន់តែជាវោហាសាស្ត្រពោពេញទៅដោយក្តីស្រមើស្រមៃ ដែលពួកអ្នកនយោបាយជ្រុលនិយមប្រើប្រាស់ជាលេស ដើម្បីបោកបញ្ឆោតសាធារណមតិ សំដៅអូសទាញប្រជាពលរដ្ឋឱ្យគាំទ្រចលនាសកម្មភាពខុសច្បាប់ បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។

ការពិតជាក់ស្តែងក្នុងពេលបច្ចុប្បន្នបានបង្ហាញថា រាល់ទង្វើទាំងឡាយរបស់ពួកគេដែលចចេស រឹងរូស បំពានច្បាប់ជាធរមាន ដោយជំរុញការឃោសនាបោកបញ្ឆោត ញុះញង់ប្រជាពលរដ្ឋឱ្យប្រឆាំងរដ្ឋអំណាចសព្វថ្ងៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត គឺគ្មានអ្វីក្រៅតែពីការរុញច្រានប្រទេសជាតិឱ្យធ្លាក់សារជាថ្មីម្តងទៀត ទៅក្នុងជ្រោះនៃមហាវិនាសកម្ម ដូចពីអតីតកាលតែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី អាស្រ័យដោយធ្លាប់ឆ្លងកាត់អតីតកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ យើងជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្ររបបប្រជាធិបតេយ្យប្រាកដនិយម ប្រកបដោយសុខសន្តិភាពដូចពេលបច្ចុប្បន្ន៕