(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងបើកការប្រកួតជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ទល់នឹងក្រុមជម្រើសជាតិ U23 អូស្ដ្រាលី នាម៉ោង ៨យប់នេះនៅពហុកីឡដ្ឋានជាតិ។ ចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា អាចដណ្ដើម ៣ពិន្ទុពីពីក្រុមរហស្សនាមកង់ហ្គូរូនេះបានឬទេ?

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួនក្នុងការប្រកួតដំបូង។ ប៉ុន្ដែគ្រូបង្វឹកក្រុម U23 អូស្ដ្រាលីលោក Graham Arnold ហាក់គ្មានក្ដីបារម្ភនោះឡើយ ទោះបីអូស្ដ្រាលី ត្រូវជួបក្រុមម្ចាស់ផ្ទះក៏ដោយ។ លោកនិយាយថា លោកគោរពចំពោះក្រុមម្ចាស់ផ្ទះជានិច្ច តែលោកមានជំនឿចិត្តខ្ពស់លើកូនក្រុម ក្នុងការដណ្ដើមជ័យជម្នះ និងឡើងទៅវគ្គបន្ដ។

ដោយឡែកលោក Felix Dalmas គ្រូបង្វឹកក្រុម U23 កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញដែរថា លោករីករាយ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយលោកក៏សប្បាយចិត្តសម្រាប់ការប្រកួតជាមួយក្រុមល្អៗ ដូចជាអូស្ដ្រាលី និងកូរ៉េខាងត្បូងនេះដែរ ព្រោះវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមក្នុងការបញ្ចេញសមត្ថភាព និងជំរុញការប្រកួតប្រជែងពួកគេកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។

ប៉ុន្ដែតួសំខាន់ម្នាក់ទៀត ដែលមហាជនកំពុងចាប់អារម្មណ៍ក្នុងជំនួបរវាក្រុមទាំងពីរយប់នេះ គឺលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា។ លោក Honda នឹងមានវត្តមានក្នុងការប្រកួតនេះ ស្របពេលលោកក៏ជាសមាជិករបស់ក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលីដែរ។ ហេតុនេះគេរំពឹងថា លោក Honda នឹងមានអ្វីប្លែក ដើម្បីជំរុញក្រុមគោព្រៃជំទង់កម្ពុជាទទួលបានលទ្ធផលល្អយប់នេះ។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនានេះ គឺជាការចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះតាមពូលនៃពាន AFC U23 Championship 2020 ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃការប្រកួតជម្រុះនេះ ១ពូលដែរ គឺពូល H ដោយមាន ៤ក្រុមចូលរួម គឺម្ចាស់ផ្ទះកម្ពុជា អូស្ដ្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ ហើយល្ងាចនេះ មុនឈានដល់ការប្រកួតរវាងកម្ពុជា និងក្រុម U23 អូស្ដ្រាលី ក្រុមយុវជន U23 កូរ៉េខាងត្បូង ក៏ត្រូវស្វាគមន៍ក្រុមឆាយនីសតៃប៉ិ ដើម្បីប្រជែង ៣ពិន្ទុដំបូងផងដែរ៕