(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដោយការងឿងឆ្ងល់ថា ករណីបង្រាបគ្រឿងញៀនមួយចំនួន សមត្ថកិច្ចចាប់បានតែគ្រឿងញៀនទេ ឯមនុស្សវិញមិនដែលចាប់បានសោះឡើយ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីខ្លះចាប់បានតែគ្រឿងញៀន តែមនុស្សមិនដឹងនៅឯណា? ករណីខ្លះគ្រឿងញៀន ១០គីឡូក្រាម អត់ដឹងថារបស់អ្នកណា។ អញ្ចឹងបានថាក្នុងករណីស្រាវជ្រាវ វាមានបទល្មើសមានផលិត ចរាចរណ៍ ស្តុកទុក ចែកចាយ និងប្រើប្រាស់»។

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកអញ្ជើញបើកសន្និបាត ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាទីស្តីការក្រសួងមហាផ្ទៃ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀន កើតឡើងតាមរបៀប៥យ៉ាងគឺ ការផលិត ការចរាចរ ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់។ លោកបានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ ប្រើវិធីកំណត់បទល្មើសទាំង៥យ៉ាងនេះ ដើម្បីរកឲ្យឃើញច្បាស់ថា តើនរណាជាមេខ្លោងនៃការបង្កើតបទល្មើសគ្រឿងនោះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមថា «អញ្ចឹងករណីគ្រឿងញៀន ១០គីឡូក្រាម ផលិតនៅឯណា នៅក្នុងស្រុក ឬនាំចូលពីប្រទេសក្រៅ ចរាចរណ៍តាមផ្លូវណា មកដល់កន្លែងណា អ្នកណាអ្នកចាប់ ស្តុកទុកនៅកន្លែងណា ចែកចាយនៅកន្លែងណា ប្រើប្រាស់នៅកន្លែងណា ទៅរកអាប្រើប្រាស់ហ្នឹង....។ កាលណាមានករណីគ្រឿងញៀន ត្រូវប្រើប្រាស់៥ចំណុចហ្នឹង ដើម្បីស្រាវជ្រាវ បើមិនអញ្ចឹងវាបាត់ដាន»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងដល់សមត្ថកិច្ច ដែលបានបើកប្រតិបត្តិបង្ក្រាបករណី១ដ៏ធំ បានយ៉ាងជោគជ័យ។ លោកបានផ្តាំថា អ្នកដែលរកស៉ីទាក់ទងនឹងករណីគ្រឿងញៀន សូមប្រុងប្រៀបឲ្យហើយទៅ តែលោកមិនបង្ហើបថា នឹងធ្វើចំណាត់ការបែបណានោះទេ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនសរុប ដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន ៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ចំនួន១៦,២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន (គឺប្រមាណ ៥៣៦គីឡូក្រាម)៕