(ភ្នំពេញ)៖ កម្ពុជាតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ បានចេញលិខិតណែនាំដល់ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករទាំងអស់រឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការដឹកឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាស សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។

វិធានការទាំង៦ នោះរួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ។

វិធានការវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់ដែលដាក់ចុះដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវបានទទួលស្វាគមន៍ និងគាំទ្រពេញ ទំហឹងពីសំណាក់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាបង្ហាញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថា ជាមួយវិធានការដែលដាក់ចុះដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ ការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់នឹងត្រូវបានទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា៖ «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ លោករដ្ឋលេខាធិការ បានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរីជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណ ៥ តោន ត្រូវបានអាជ្ញា ធរកម្ពុជាបង្ក្រាប និងរឹបអូសភ្លុកដំរីទម្ងន់ ១៣០០ គីឡូក្រាម នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុនៅអំឡុងឆ្នាំ ២០១៦ ហើយការបង្ក្រាបទ្រង់ទ្រាយធំចុងក្រោយដោយអាជ្ញាធរកម្ពុជានៅខែធ្នូ ឆ្នាំ ២០១៨ ដោយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរកឃើញ ភ្លុកដំរីជាង ១ ពាន់ដុំ ទម្ងន់ ជិត ៣៥០០ គីឡូ ទុកចោល ក្នុងទូកុងតឺន័រ នៅកំពង់ផែស្វយ័ត ភ្នំពេញ៕