(ភ្នំពេញ)៖ ក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ជាមួយប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយ លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ភាគីទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នាថា នឹងរក្សាស្ថានភាព EBA មិនឲ្យបាត់បង់ពីកម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន និងប្រតិភូសហភាពអឺរ៉ុប នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។

លោក កេត សោផាន់ បានថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សានៅថ្ងៃនេះ គឺជាការបន្ដសន្ទនារឿងនីតិវិធី EBA នេះ ហើយភាគីទាំងពីរ សុទ្ធតែបានប្ដេជ្ញាថា នឹងរក្សាស្ថានភាព EBA មិនឲ្យបាត់បង់ទេ [...] សហគមន៍អឺរ៉ុប ក៏បានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះ គឺដើម្បីកំណត់ពីពេលនេះ រហូតដល់ក្នុងដំណើរការនីតិវិធី EBA ទាំងមូល»

ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានប្រាប់គណៈប្រតិភូសហភាពអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជា នឹងបន្ដអនុវត្តនូវវិធានការណ៍ទាំងឡាយ ដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ទន្ទឹមគ្នានោះ សហភាពអឺរ៉ុប ក៏បានបង្ហាញនូវមោទនភាព ដែលបានជួយកម្ពុជា រយៈពេល២៥ឆ្នាំមកនេះ ទទួលបានជោគជ័យ និងរួមចំណែកការអភិវឌ្ឍនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលផងដែរ៕