(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់អង្គភាពព័ត៌មាន Fresh News ដែលបាននិងកំពុងជួយផ្សព្វផ្សាយយ៉ាងផុសផុល នូវព័ត៌មាន និងសកម្មភាពនានា ពាក់ព័ន្ធនឹងមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងលិខិតថ្លែងអំណរគុណ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងយ៉ាងដូច្នេះថា «មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកអគ្គនាយក និងបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ដែលបាន និងកំពុងជួយផ្សព្វផ្សាយ យ៉ាងផុសផុលនូវព័ត៌មាន និងសកម្មភាពនានា ពាក់ព័ន្ធនឹងមូលនិធិគន្ធបុប្ផាកម្ពុជា»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា «កាយវិការប្រកបដោយសប្បុរធម៌ និងកិច្ចសហប្រតិបត្តិការខ្ពស់នេះ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសពីវត្តមាន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបាននិងកំពុង បំពេញបេសកកម្ម ក្នុងការបំផុស និងកៀរគរការបរិច្ចាគសប្បុរសធម៌ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ នៅក្រោមស្លាក "ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា"»

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏សូមជូននូវសព្ទសារធុការពរ បវរសួស្តី សិរីមង្គល និងវិបុលសុខ កើតមានដល់លោកអគ្គនាយក និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News កុំបីឃ្លៀងឃ្លាតឡើយ។

លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News បានថ្លែងឲ្យដឹងថា លោកពិតជារីករាយចំពោះការចូលរួមចំណែក ផ្សព្វផ្សាយនូវព័ត៌មាន និងសកម្មភាពនានារបស់មូលនិធិគន្ធបុប្ផា ហើយលោកបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តចូលផ្សព្វផ្សាយសកម្មភាពនេះ ឲ្យបានកាន់តែផុសផុលឡើងថែមទៀត ដើម្បីកៀរគរនូវមូលនិធិជួយសង្គ្រោះកុមារកម្ពុជា។

សូមបញ្ជាក់ថា «មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ មូលនិធិនេះ មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស៕