(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំអង្គប្រជុំត្រួតពិនិត្យបច្ចេកទេស ក្នុងការបង្វែរទឹកស្ទឹងព្រែកត្នោត ដែលជានិច្ចជាកាល នារដូវវស្សាតែងបង្កឡើងនូវជំនន់គំរាមកំហែងដល់ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ពិសេសរាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រី លឹម គានហោ បានឡើងថា គោលបំណងសំខាន់នៃគំរោងនេះ គឺត្រូវរកដំណោះស្រាយជាបន្ទា ន់ ព្រោះដំណើរការអភិវឌ្ឍ មិនអនុញ្ញាតិឲ្យប្រើប្រាស់ នូវហេដ្ធារចនាសម្ព័ន្ធ ដែលមានស្រាប់ទៀតនោះឡើយ។

ដូចនេះ គោលបំណងនៃគំរោង គឺបង្វែរបរិមាណទឹក ដែលមានធារទឹកអតិបរិមារហូតទៅដល់ ១២០០-១៥០០ម៉ែត្រគូប/s ដោយចាប់បង្វែរពីភាគខាងលើមុន ធ្លាក់មកដល់សំណង់៧មករា តំរង់ឆ្ពោះទៅកាន់ខេត្តតាកែវ ដោយទុកជាវិធានដើម្បីរំដោះទឹកជំនន់ផង និងស្រោចស្រពផលដំណាំផង ដោយរក្សាទឹកតាមលំហូរ ស្ទឹងព្រែកត្នោត ចាស់ក្នុងកម្រិតសមល្មមដែលអាចធានាបានតែប៉ុណ្ណោះ៕