(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ដឹកនាំដោយលោក តូច ចៅកុយ ប្រធានសាខា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារសាមគ្គីក្រគរ ស្ថិតនៅខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ បានឲ្យដឹងថា នៅក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញរបស់លោក បានធ្វើការវិភាគបឋមលតស្វិត នំបាញ់ឌុក ត្រីងៀត ប្រហុក និងទំនិញវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល ក្រុមការងាររបស់លោករកមិនឃើញមានសារធាតុគីមីហាមឃាត់ទេ។

លោកប្រធានសាខា បានឲ្យដឹងថា ប៉ុន្តែមន្ត្រីជំនាញកាំកុងត្រួល បានធ្វើការដកហូតទំនិញខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់) ដូចជា៖ ទឹកម្ទេស ទឹកត្រីកោះកុង ស្ករគ្រាប់ នំផ្អែម សរុបចំនួន ៧០គីឡូក្រាម យកមកដុតកំទេចចោលភ្លាមៗ នៅមុខសមត្ថកិច្ចដែលបានចូលរួម។

លោក តូច ចៅកុយ ក៏បានណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិត ផលម្ហូបអាហារ ដែលមានដាក់បន្ថែមនូវ សារធាតុគីមីហាមឃាត់ និងទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ ៕