(ប៉ៃលិន)៖ ក្នុងសិក្ខាសាលាស្តីពី ការពិនិត្យស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្ត បានជំរុញដល់សមាជិកគណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ខេត្ត ត្រូវពង្រឹងកិច្ចការងារលុបបំបាត់ ជំងឺអេដស៍ឲ្យបានតាមគោលដៅ ៩០-៩០-៩០ របស់កម្ពុជាត្រឹមឆ្នាំ២០២០ ស្របតាមផែនការរបស់ក្រសួងសុខាភិបាល។

លោក ហែម ឬទ្ធី បានបន្ដថា ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយខិតខំសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាប់ពាក់ព័ន្ធទាំងអស់ បានធ្វើការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យបានយល់ដឹង ពីជំងឺអេដស៍ធ្វើឲ្យកាត់បន្ថយ ការឆ្លងមេរោគអេដស៍តិចជាង៤០០នាក់ នៅឆ្នាំ២០២០ និងកាត់បន្ថយការឆ្លងពីម្តាយទៅកូន ពី៦% នៅឆ្នាំ២០១៥ មកតិចជាង៥% នៅឆ្នាំ២០២០។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីប្រយុទ្ធនិងជំងឺអេដស៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តធ្វើការរួមសហការគ្នា សម្រេចឲ្យបាននូវគោលដៅដូចជា៖

ទី១៖ ឈានទៅសម្រេច ឲ្យបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០។
ទី២៖ សម្រេចឲ្យបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ក្នុងន័យបង្ការ ថែទាំ ផ្តល់ប្រឹក្សា ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវា។

លោកថា ដូច្នេះហើយក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យធ្វើតេស្ត ឈាមជាប្រចាំការពារកុំឲ្យកើតមានឡើង និងត្រូវផ្តល់ចំណេះដឹងពីសារៈសំខាន់ នៃការប្រើប្រាស់ស្រោមអនាម័យ ជូនដល់ស្រ្តីបំរើសេវាកំសាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស ស្រ្តីស្រលាញ់ស្រ្តី ដើម្បីទប់ស្កាត់ការឆ្លង មេរោគអេដស៍។

ក្នុងឱកាសនោះផងដែរ លោក ហែម ឬទ្ធី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវខិតខំទប់ស្កាត់ ឱសថក្លែងក្លាយ និងការចាក់ថ្នាំបង្កាជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ទៅតាមផែនការរបស់ក្រសួងសុខាភិបាលផងដែរ។

បើតាមរបាយការណ៍របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចប្បន្នក្នុងខេត្តប៉ៃលិន មានអ្នកជំងឺអេដស៍សរុបចំនួន៤១២នាក់ ក្នុងនោះ៖

* អ្នកជំងឺសកម្មព្យាបាល ជំងឺឱកាសនិយម លើមនុស្សពេញវ័យ (Pre ART) មានចំនួន២នាក់
* អ្នកជំងឺសកម្មព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍លើមនុស្សពេញវ័យ (ART) មានចំនួន៣៨៧នាក់
* អ្នកជំងឺសកម្មព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ លើកុមា (ART) មានចំនួន២៣នាក់
* បានអប់រំដល់ស្រ្តី សេវាកំសាន្តសប្បាយ បានចំនួន៦៦០នាក់ ក្រុមបុរសស្រលាញ់បុរសបានចំនួន ៤៣២នាក់ ការធ្វើតេស្តឈាម សរុបចំនួន៤,៣០៩នាក់ មានវិជ្ជមាន២៤នាក់ ស្មើ០.៦%៕