(ភ្នំពេញ)៖ បន្ទាប់មានការចុះផ្សាយតាមសារព័ត៌មានរិះគន់ថា អាជ្ញាធរខណ្ឌ៧មករា បណ្តែតបណ្តោយឲ្យមានរថយន្តចតរំលោភលើចំណីផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងមកនោះ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ គេឃើញសមត្ថកិច្ចខណ្ឌ៧មករា ចាប់ផ្តើមប្រើវិធានការក្តៅ ចំពោះរថយន្តរបស់ពលរដ្ឋណា ដែលហ៊ានចតមុខតុលាការ។

សមត្ថកិច្ចខណ្ឌ៧មករា ដឹកនាំដោយលោក ង៉ែត សារុន មន្ត្រីនគរបាលគ្រប់គ្រងផ្នែកសណ្តាប់ធ្នាប់ បានប្រើរថយន្តសឺរ៉ែន អូសយករថយន្តមួយគ្រឿង បន្ទាប់ព្យាយាម (រកម្ចាស់មិនឃើញ) យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់។

មន្ត្រីនគរបាលការពារសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តខាងលើមានម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-8585 បានចតចោលនៅមុខសាលាដំបូងរាជធានីភ្នំពេញ អស់ជាច្រើនម៉ោង ដោយរកម្ចាស់មិនឃើញ ទើបសមត្ថកិច្ច (តម្រូតបទបញ្ជាប្រចាំតុលាការ) បានហៅសមត្ថកិច្ចខណ្ឌ៧មករា មកស្ទូចយកទៅរក្សាទុកដោះស្រាយតាមច្បាប់តែម្តង។

សូមជម្រាបថា បន្ទាប់ពីមានការចុះផ្សាយរិះគន់រឿងរថយន្តចតនៅលើទ្រូងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ គេបានសង្កេតឃើញថា សមត្ថកិច្ចបានខិតខំបណ្តេញមិនឲ្យមានការចត ម៉ូតូមុខតុលាការនេះទៀតឡើយ ដោយទុកកន្លែងជូនចៅក្រម និងព្រះរាជអាជ្ញារងមួយចំនួន ចតតាមអំពើចិត្តឥតញញើតច្បាប់ ត្បិតបពួកគាត់ជាអ្នកច្បាប់ស្រាប់៕