(ប៉ៃលិន)៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាសមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនខេត្ត តំណាង​ឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ចុះជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រចំនួន​០៧គ្រួសារ ដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកវរសេនីយ៍ឯក តូ គឹមឃុន បានឲ្យដឹងថា ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងទេសរដ្ឋមន្ដ្រី គន់ គីម ​អគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធ​ជន គ្រប់ពេលវេលា។

ជាក់ស្តែងនៅពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានធ្វើការសាងសង់ ផ្ទះជូន​អតីតយុទ្ធជនក្រីក្រ ដែលគ្មានដី និងផ្ទះសម្បែងរស់នៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់​មានលំនៅដ្ឋានរស់នៅសមរម្យ។​ លោក​បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ​បានចាត់​ទុកបង​ប្អូន​អតីតយុទ្ធជន​ គឺជា​យុទ្ធមិត្ត​ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។​

សូមបញ្ជាក់ថា​ ការសាសង់ផ្ទះជូន​អតីតយុទ្ធជនចំនួន ០៧គ្រួសារនេះ មា​នទំហំ​៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងក្តា ប្រក់ស័ង្គសី ដែលស្ថិតនៅសង្កាត់អូរតាវ៉ៅ ចំនួន​០៣គ្រួសារ, សង្កាត់បរយ៉ាខា ចំនួន​០១គ្រួសារ, ឃុំស្ទឹងកាច់ ចំនួន​០១គ្រួសារ, សង្កាត់ប៉ៃលិន ចំនួន​០១​គ្រួសារ និង​ឃុំអូរអណ្តូង ចំនួន​០១គ្រួសារផងដែរ។ ក្រុមការងារ​មានទិសដៅបន្តគ្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន​៣៦គ្រួសារបន្ថែមទៀត ដល់បងប្អូនអតីតយុទ្ធជន​ដែលគ្មានដីគ្មានផ្ទះ ក្នុងនោះមានចំនួន​០៣គ្រួសារ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ៕