(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងស្ថានភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នគ្មានគណបក្សនយោបាយណាមួយអាចគ្រប់គ្រងស្ថានការណ៍ និងរក្សាសន្តិភាពបានក្រៅពីគណបក្សប្រជាជនកម្ពុជានោះឡើយ។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺននាក់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។ ខេត្តពោធិ៍សាត់ ក៏ជាទឹកជម្រកចុងក្រោយរបស់ខ្មែរក្រហមផងដែរ។

ប្រទេសកម្ពុជាត្រូវបានគេដឹងថា បានរងការបែកបាក់យ៉ាងខ្លាំងដោយសារភ្លើងសង្គ្រាមនៅក្រោយថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋចេញពីព្រះប្រមុខរដ្ឋនាពេលនោះ។ ការបែកបាក់ ការកាប់សម្លាប់យ៉ាងព្រៃផ្សៃឃោរឃៅបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហមដឹកនាំដោយក្រុមរបស់ ប៉ុល ពត ដែលវាយដណ្តើមកាន់អំណាចពីក្រុមរបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ភ្លើងសង្គ្រាមបានបំផ្លាញជាតិកម្ពុជាដែលជាប្រទេសដ៏ល្បាញល្បីនៅក្នុងតំបន់នាទសវត្សរ៍ឆ្នាំ៦០ ឲ្យខ្ទេចខ្ទីគ្មានសល់ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សផងដែរ។ កម្ពុជាចាប់ផ្តើមស្រោចស្រង់ជាថ្មីក្រោយការដួលរលំរបស់ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈចលនាតស៊ូរបស់អ្នកតស៊ូខ្មែរក្រោមចលនារបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលមានថ្នាក់ដឹកនាំ និងឥស្សរជននយោបាយជាច្រើនជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ជារដ្ឋបុរសរបស់កម្ពុជា ដែលបានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ប្រមូលខ្មែរគ្រប់ភាគីជម្លោះរួមមានខ្មែរក្រហម និងអ្នកតស៊ូជាយដែនផងមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ នាំឲ្យប្រទេសកម្ពុជាស្គាល់សុខសន្តិភាព និងការរួបរួមក្នុងជាតិខ្មែរចាប់តាំងពី១៩៩៨ រហូតដល់បច្ចុប្បន្ន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេលប្រមាណ ៥០០ឆ្នាំ។

មកដល់ពេលបច្ចុប្បន្នសុខសន្តិភាព និងការរួបរួមគ្នាជាធ្លង់នៅក្នុងជាតិខ្មែរនេះ មានរយៈពេល ២០ឆ្នាំហើយ។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែមើលឃើញថា ស្ថានការណ៍របស់កម្ពុជានៅតែផុយស្រួយងាយនឹងកើតសង្គ្រាមជាថ្មីបើមិនមានការគ្រប់គ្រងណាមួយឲ្យបានម៉ឹងម៉ាត់ និងច្បាស់លាស់ទេនោះ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ភាពផុយស្រួយនៃការកើតសង្គ្រាមនេះ ក៏ដោយសារតែក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលមានទណ្ឌិត សម រង្ស៉ី ជាមេក្លោង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មិនទាន់ទាំងដឹកនាំប្រទេសផង ក្រុមអតីតគណបក្សសង្គ្រោះជាតិនេះ បានញុះញង់ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលទៅហើយ។

ពីលើវេទិកានៅចំពោះមុខមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងកម្មករ កម្មការិនី សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ដំណាក់កាលរបស់កម្ពុជាបច្ចុប្បន្ន មិនអាខ្វះបាននូវតួនាទីរបស់គណបក្សប្រជាជនក្នុងការរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍបានទេ។ គណបក្សដទៃមិនថាគណបក្សណា ជាគណបក្សណាទេ មិនទាន់មានលទ្ធភាពនឹងធ្វើទេ ព្រោះគោលនយោបាយរបស់គេមិនខុសពី [ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី] មិនទាន់ទាំងបានកាន់អំណាចផង អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធធ្វើចម្បាំងរាំងជុលជាមួយរាជរដ្ឋាភិបាលទៅហើយ។ តើនោះវាជាអ្វី? អំពើសងសឹកមួយនឹងកើតឡើងដូចរបបខ្មែរក្រហមអ៊ីចឹង»។

សុខសន្តិភាពពេញលេញនៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំមកនេះ បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយការរក្សាបានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ។ បានធ្វើឲ្យក្លាយជាប្រទេសក្រីក្រមកក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងដាក់ចេញមហិច្ឆតាឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីធានាដល់ការរក្សានូវសុខសន្តិភាពដែលជាកត្តាដ៏ចំបាច់បំផុតសម្រាប់ការអភិវឌ្ឍជាតិ និងកសាងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងបន្តដឹកនាំប្រទេសកម្ពុជារហូតដល់ក្រុមអតីតបក្សប្រឆាំងរលាយផុតពីភពផែនដីនេះ៕