(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៃប្រទេសថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា «ការទទួលបានសញ្ញាបត្របណ្ឌិតខាងលើនេះ គឺជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តម សម្រាប់សម្ដេចផ្ទាល់ និងក៏ជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិ និងប្រជាជនកម្ពុជាផងដែរ»

សម្ដេច សាយ ឈុំ បានបន្ថែមថា ស្នាដៃនៃការដឹកនាំដ៏អស្ចារ្យរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ បាននាំមកនូវសន្ដិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍប្រទេស ការកសាងទំនាក់ទំនងយ៉ាងទូលំទូលាយ និងការរួមចំណែកដល់ការរក្សាសុខសន្ដិភាព ក្នុងតំបន់ និងនៅលើពិភពលោក ត្រូវចារឹកទុកក្នុងប្រវត្តិសាស្ដ្រកម្ពុជាជារៀងរហូតទៅ៕