(ភ្នំពេញ)៖ ជនជាតិកូរ៉េ២នាក់ ប្ដីប្រពន្ធបានលះបង់ធនធានផ្ទាល់ខ្លួន និងស្វែងរកជំនួយយ៉ាងច្រើនមកបង្កើតសាលារៀនសេចក្ដីសង្ឃឹមកម្ពុជា (Hope School of Cambodia) នៅកម្ពុជា ដោយបានប្រមូលកុមារក្រីក្រជាច្រើនរយនាក់ មកអប់រំបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងភាសាបរទេសផ្សេងៗ តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ រហូតដល់បច្ចុប្បន្នសិស្សានុសិស្សទាំងនោះ កើនឡើងរហូតដល់ជាង ៤០០នាក់។

ដោយសារចង់ចូលរួមជួយឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងសាលារៀនសេចក្ដីសង្ឃឹមកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ ASIANA Airline និងអង្គការ BYSO nanummaul បានរួមគ្នានាំយកកុំព្យូទ័រចំនួន ៤០គ្រឿង សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៅថ្នាក់បឋម និងថ្នាក់មធ្យមសិក្សា ព្រមទាំងសម្ភារសិក្សាជាច្រើនទៀត ចែកជូនដល់សិស្សានុសិស្សទាំងជាង ៤០០នាក់ នោះផងដែរ។

ពិធីប្រគល់ទទួលសម្ភារសិក្សាទាំងនេះ ធ្វើឡើងនៅក្នុងសាលារៀនសេចក្ដីសង្ឃឹមកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។

នាយកក្រុមហ៊ុនអាកាសចរណ៍ ASIANA Airline លោក Kang Sangyong បានឱ្យដឹងថា បានជាក្រុមហ៊ុនរបស់លោកនាំយកសម្ភារសិក្សា និងកុំព្យូទ័រទាំងនេះមកជួយដល់ការអប់រំ និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៅកម្ពុជាយ៉ាងដូច្នេះ ដោយសារលោកជឿជាក់លើការខិតខំប្រឹងប្រែងរបស់ជនជាតិកម្ពុជា។ លោកពេញចិត្តនឹងការតស៊ូរបស់កម្ពុជា ដែលខិតខំតាំងពីបាតដៃទទេ ពោលគឺមិនខុសពីជនជាតិកូរ៉េក្នុងដំណាក់កាលស្រោចស្រង់ជាតិ ក្រោយជំនាន់សង្គ្រាមនោះឡើយ។

លោក Kang បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ASIANA Airline ក៏ធ្លាប់បានជួយសាលាឈូកវ៉ាម្ដងរួចមកហើយ កាលពីឆ្នាំ២០១៨ ហើយលោកនឹងដឹកនាំសកម្មភាពសប្បុរសធម៌នេះ នៅកម្ពុជាបន្តទៀតនៅឆ្នាំក្រោយៗ។

លោក សួង សុខា នាយករងសាលារៀនសេចក្ដីសង្ឃឹមកម្ពុជា បានថ្លែងថា សាលារៀនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ក្រោមជំនួយគាំទ្រពីសំណាក់ជនជាតិកូរ៉េ២នាក់ប្ដីប្រពន្ធ រហូតដល់បច្ចុប្បន្ន។ ជនជាតិកូរ៉េទាំងពីរនាក់នោះ ប្ដីមានឈ្មោះ លី ម៉ានហូ និងប្រពន្ធឈ្មោះ គីម យ៉ុងស៊ុន។

ប្រវត្តិដើមឡើយ៖ ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ២០០២ ហើយដោយមើលឃើញស្ថានភាពខ្វះខាតចំពោះកុមារនៅកម្ពុជា ជនជាតិកូរ៉េទាំងពីរនាក់ខាងលើ ក៏បានសម្រេចចិត្តបង្កើតសាលារៀនសេចក្ដីសង្ឃឹមកម្ពុជានេះឡើង និងបានស្វែងរកជំនួយមកជួយឧបត្ថម្ភបន្ថែមរហូតបានដំណើរការដល់បច្ចុប្បន្ន។

សាលារៀនសេចក្ដីសង្ឃឹមកម្ពុជា មានគោលដៅទទួលអប់រំបណ្ដុះបណ្ដាលសិស្សានុសិស្សក្រីក្រ គ្មានលទ្ធភាពសិក្សានៅសាលាឯកជន ឬនៅឆ្ងាយពីសាលារដ្ឋ ហើយរហូតដល់ពេលបច្ចុប្បន្នសាលានេះ បានទទួលបណ្ដុះបណ្ដាលសិស្សបានជាង ៤០០នាក់ហើយ៕