(ភ្នំពេញ)៖ សវនាការរបស់តុលាការកំពូល ដែលរៀបចំធ្វេីនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ដេីម្បីជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ លោក អឿត អាង ហៅ ជួប សម្លាប់ ពាក់ព័ន្ធនឹងឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡីនោះ ត្រូវបានលេីកពេលដោយមិនកំណត់វិញហើយ បន្ទាប់ពីសវនាការថ្ងៃនេះ អវត្តមានមេធាវីរបស់ពិរុទ្ធជន។

លោក អ៊ុក គឹមសិទ្ធ អ្នកនាំពាក្យតុលាការកំពូល បានបញ្ជាក់ប្រាប់អង្គភាព Fresh News ឱ្យដឹងថា បទល្មើសឧក្រិដ្ឋក្នុងសំណុំរឿងជនត្រូវចោទ ជួប សម្លាប់ ច្បាប់តម្រូវឱ្យមានមេធាវីការពារក្តីជាមុន ទើបដំណើការជំនុំជម្រះ អាចប្រព្រឹត្តទៅបាន ហើយជនត្រូវចោទក៏បានទាមទាររកមេធាវីដែរ។ ហេតុដូច្នេះ តុលាការកំពូល បានទុកសិទ្ធិ ដើម្បីផ្តល់មេធាវី ដល់ជនត្រូវចោទរូបនេះ តាមកំណត់ច្បាប់។

លោក អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសរូបលោក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះករណីសម្លាប់លោកបណ្ឌិត កែម ឡី។

តាមការគ្រោងទុក សវនាការនេះមាន ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺ លោក គង់ ស្រ៊ីម និងមានតំណាងអគ្គព្រះរាជអាជ្ញា លោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារង ក្នុងនោះក៏មានការកោះហៅ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ដើម្បីចូលស្តាប់សវនាការផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី ប៊ូ រចនា ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះឡើយ ដោយលោកស្រីកំពុងរស់នៅជាមួយកូន ក្នុងប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាត់ករចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ក្នុង ទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថី ព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភ្លាមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ប្រផាប់ប្រភីងដោយឃាត់ខ្លួនបាន ជនដៃដល់ម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលព្យាយាមរត់គេខ្លួនចេញពីកន្លែងកើតហេតុ។ ក្រោយពីចាប់ខ្លួន លោក អឿត អាង ត្រូវបានសាលាដំបូង រាជធានី ភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទពីបទ «ឃាតកម្មគិតទុកជាមុន និង ការកាន់កាប់អាវុធខុសច្បាប់» ហើយត្រូវសាលាឧទ្ធរណ៍ តម្កល់សេចក្តីសម្រេចតាមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ផងដែរ៕