(ពោធិ៍សាត់)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ហើយមានសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានប្រកាសជាថ្មីម្ដងទៀត សម្ដេចនឹងនៅបន្ដធ្វើនាយករដ្ឋមន្ដ្រីរបស់កម្ពុជា រហូតដល់ក្រុមអាសិរពិសដែលចង់បំផ្លាញកម្ពុជា ស្លាប់អស់ពីភពផែនដី។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ដេចបន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលពិធីនេះ ធ្វើនៅ ភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ឥលូវនេះមិនប្រាកដថា ពូចូលនិវត្តន៍នៅឆ្នាំ២០២៨នោះទេ ពូនឹងធ្វើទាល់តែពួកអាងាប់អស់ហ្នឹង វាងាប់អស់ ព្រោះនៅលើពិភពលោកនេះ គ្មានរដ្ឋធម្មនុញ្ញកំណត់អំពីតំណែងនាយករដ្ឋមន្ដ្រី ត្រូវធ្វើប៉ុន្មានឆ្នាំឈប់នោះទេ [...] បើពួកអាមេចង្រៃអស់ហ្នឹងមិនទាន់ងាប់អស់ទេ បើនៅតែមានពិសពុល ពូនៅតែបន្ដធ្វើនាយករដ្ឋមន្ដ្រី ព្រោះលទ្ធភាពពូអាចបង្ក្រាបពួកវាបាន»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា មិនទាន់មានគណបក្សនយោបាយណា អាចគ្រប់គ្រងស្ថានការណ៍នៅកម្ពុជាបាននៅឡើយនោះទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែង ប្រជាពលរដ្ឋបានដឹងគ្រប់គ្នាថា កាលពីអតីតកាល គ្មានអ្នកណាសាហាវព្រៃផ្សៃជាង ប៉ុលពត នោះទេ ប៉ុន្ដែពួកនោះនៅតែរត់មិនរួចពីកណ្ដាប់ដៃដែករបស់តេជោសែន ពោលសម្ដេចបង្ក្រាបទាល់តែបាន ទប់ស្កាត់ ទាល់តែ ជាមួយនយោបាយឈ្នះឈ្នះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន បញ្ជាក់ទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពោរពេញទៅដោយសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវគិតដល់តម្លៃសន្ដិភាពជាមុន បើអ្នកណាមួយចង់បំផ្លាញសន្ដិភាព ទោះដោយតម្លៃណាក៏ដោយប្រជាជនកម្ពុជា ត្រូវងើបឈរឡើងដើម្បីប្រឆាំងពួកអាសិរពិសបំផ្លាញសន្ដិភាពរបស់ប្រទេស។

ទន្ទឹមគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា នយោបាយគណបក្សដទៃប្រៀបដូចជា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ អតីតមេដឹកនាំ ក្រុមអតីតបក្សប្រឆាំង មិនទាន់គ្រប់គ្រងអំណាចផង បានអំពាវនាវកងទ័ពប្រឆាំងរាជរដ្ឋាភិបាលទៅហើយ ដូច្នេះសម្តេចថានយោបាយនេះ ជានយោបាយនាំឲ្យមានចលាចលនៅក្នុងប្រទេស។

ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើង ប្រឆាំងក្រុមអាសិរពិសរក្សានូវសុខសន្តិភាពរបស់កម្ពុជា ព្រោះថា អាកាសធាតុគ្រោះទឹកជំនន់ និងខ្យល់ព្យុះអាចប៉ះពាល់លំនៅដ្ឋាន ផលដំណាំ តែបើមានភ្លើងសង្គ្រាម គឺបំផ្លាញគ្រប់បែបយ៉ាងទាំងអស់៕