(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងរៀបចំដឹកទឹកបរិសុទ្ធកម្ពុជាចំនួន១ម៉ឺនកេស ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួតក្នុងស្រុកទ្រាំង ខេត្តតាកែវនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ដោយមានការសហការពីថ្នាក់ដឹកនាំខេត្ត និងអជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនឹងរៀបចំកម្មវិធីចែកទឹកដល់ប្រជាពលរដ្ឋចំនួន២,៥០០គ្រួសារ ដែលកំពុងខ្វះទឹកស្អាតពិសា និងប្រើប្រាស់ ក្នុងឃុំអង្គកែវ ឃុំប្រាំបីមុំ និងឃុំអន្លុង ក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង៧៖៣០នាទីព្រឹកតទៅ។

ក្រៅពីការចែកទឹកបរិសុទ្ធចំនួន១ម៉ឺនកេស ក្រុមហ៊ុននឹងនាំយកឡានដឹកទឹកស្អាតដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ក្រុមហ៊ុន ទើបតែនាំយកទឹកបរិសុទ្ធកម្ពុជាចំនួន១ម៉ឺនកេសចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តកំពង់ធំ ក្នុងពេលថ្មីៗនេះ។

កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកស្អាត និងទឹកពិសាទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ នៅពេលដែលមានបញ្ហាខ្វះទឹកស្អាតម្តងៗ។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគដោយកូនខ្មែរ១០០% ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនជួយខ្មែរជានិច្ច គ្រប់កាលៈទេសៈទាំងអស់៕