(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយកមន្ត្រី នៃកម្ពុជា ដែលលោកតែងតែខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត ទាំងសម្ភារថវិកា ចូលរួមចំណែកកសាងសំណង់សាសនាធំៗ ទើបធ្វើឱ្យវិស័យពុទ្ធសាសនាបានរីកចម្រើនដូចសព្វថ្ងៃនេះ។ 

អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីចម្រើនព្រះជន្ម ស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូ ស៊ីម សុផាត ចៅអធិការវត្ត និងបុណ្យផ្កាសាមគ្គី វត្តច័ន្ទគិរី ហៅវត្តចាន់ទូង ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះមានការយាងនិមន្ត អញ្ជើញចូលរួមពីសំណាក់ មន្រ្តីសង្ឃខេត្ត អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ពិធីស្រោចស្រពសុគន្ធវារី ដើម្បីតែងតាំងព្រះសង្ឃធ្វើជាលោកគ្រូចៅអធិការនេះ គឺមានតាំងពីសម័យពុទ្ធកាលមកម៉្លេះ។ បុព្វបុរសខ្មែរយើងយកលំនាំតាមព្រះពុទ្ធ ក្នុងកាលដែលព្រះអង្គ ទ្រង់ប្រកាសធម្មនុញ្ញពុទ្ធសាសនា គឺច្បាប់សាសនាដល់សាវ័កទាំងឡាយរបស់ព្រះអង្គ។ ម្យ៉ាងទៀត ពិធីនេះគេរៀបចំបា្ររព្ធធ្វើឡើង ដើម្បីតែងតាំងព្រះសង្ឃ ដែលមានតួនាទីជាគ្រូសូត្រស្តាំ ឬគ្រូសូត្រឆ្វេង ឬក៏ព្រះសង្ឃធម្មតា ដែលមានសមត្ថភាព គុណសម្បត្តិល្អ និងធ្លាប់មានគុណដល់វត្តអារាម និងពុទ្ធបរិស័ទធ្វើជាចៅអធិការវត្តផងដែរ។ 

អភិបាលខេត្តត្បូងឃ្មុំរូបនេះបានបន្តថា បច្ចុប្បន្នវិស័យសាសនានៅក្នុងខេត្តត្បូងឃ្មុំ ដែលមានរីកចម្រើនយ៉ាងដូចនេះ ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយកមន្ត្រីនៃកម្ពុជា លោកតែងតែខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត ទាំងសម្ភារៈថវិកា ចូលរួមចំណែកកសាងសំណង់សាសនាធំៗ នៅក្នុងខេត្ត មានកុដិ ព្រះវិហារ ក្លោងទ្វារ របងវត្ត សាលាឆាន សាលាពុទ្ធិកសិក្សាឱ្យមានការរីកចំរើន គួរឱ្យកត់សំគាល់ និងមានមោទនភាពជាទីបំផុត។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការថែរក្សាទំនៀមទម្លាប់វប្បធម៌ជាតិ ឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត៕